អ្នកចាត់ការក្លិប Sporting Lisbon លោក Amorim កំពុងប្រជែងការងារជាអ្នកចាត់ការក្លិប Aston Villa
(លីសបន)៖ អ្នកចាត់ការក្លិប Sporting Lisbon លោក Ruben Amorim ជាបេក្ខភាពម្នាក់ ក្នុងចំណោមអ្នកប្រកួតប្រជែងសំខាន់ ដើម្បីបន្តតំណែងពីលោក Steven Gerrard ក្នុងនាមជាអ្នកចាត់ការក្លិប Aston Villa។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
លោក Gerrard ត្រូវបានបណ្តេញចេញពីតំណែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីកាន់តួនាទីមិនទាន់បានពេញ ១ឆ្នាំនោះទេ ក្រោយពីការប្រកួតចាញ់ ៣-០ ក្រោមថ្វីជើងក្រុម Fulham។
លោក Amorim វ័យ ៣៧ឆ្នាំ ត្រូវបានគេដឹងថា Villa បានជជែកជាមួយនឹងអ្នកតំណាងរបស់លោក។
យ៉ាងណាក៏ដោយ ក្លិប Villa មានអ្នកប្រកួតប្រជែងជាច្រើនរូបទៀតដែលចាប់អារម្មណ៍ ក្នុងតួនាទីជាអ្នកចាត់ការនេះ។
លោក Amorim បានដឹកនាំក្លិប Sporting Lisbon ដណ្តើមបានពានរង្វាន់ Primeira Liga ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១៩ឆ្នាំ នៅរដូវកាល២០២០-២១។
គួរជម្រាបថា Villa បានចាប់ផ្តើមយុគសម័យ ក្រោយការដឹកនាំរបស់លោក Gerrard ក្រោមការដឹកនាំជាបណ្តោះអាសន្នដោយលោក Aaron Danks ជាមួយនឹងលទ្ធផលឈ្នះ ៤-០ ក្នុងនាមជាម្ចាស់ផ្ទះលើក្រុមភ្ញៀវ Brentford ដែលនាំឲ្យពួកគេឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងលីគ Premier League៕




