មន្ត្រី ក.ប.ប ខេត្តស្វាយរៀង រកឃើញសារធាតុគីមីបូរ៉ាក់ លើពពុះសណ្ដែក…

ខេត្តស្វាយរៀង ៖មន្ត្រី ក.ប.ប បានចុះត្រួតពិនិត្យមុខទំនិញ គ្រឿងឧបភោគបរិភោគនៅផ្សារវាលយន្ត ក្រុងស្វាយរៀងបានធ្វើតេស្តជាបឋមចំនួន ២៣គំរូ ក្នុងនោះមានសារធាតុ១គំរូគឺពពុះសណ្ដែកផងដែរ។


លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀង បានឲ្យដឹងនៅ ថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២១នេះថា៖ ការចុះត្រួតពិនិត្យមុខទំនិញគ្រឿង ឧបភោគបរិភោគនៅផ្សារវាលយន្តនេះ គឺដើម្បីស្វែងរកសារធាតុគីមី ក្រែងមានអាជីវករដាក់ក្នុងមុខទំនិញ គ្រឿងឧបភោគបរិភោគនៅតាមស្តង់ ដែលអាជីវករលក់ដូរ លោកបានសហការជាមួយជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះពិនិត្យមុខទំនិញ ផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ ដាក់តាំងលក់ក្នុងផ្សារ និងនៅតាមផ្ទះជុំវិញផ្សារ ក្នុងខេត្តស្វាយរៀង។


លោកបានបន្តថា៖ សកម្មភាពការងារចុះពិនិត្យនេះ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគ (ជាពិសេសអំពីតម្លៃ ម៉ាស់ អាលកុលនិងជែល) ដោយប្រើប្រាស់នូវឧបករណធ្វើ Test Kits បឋមលើម្ហូបអាហារ ចំនួន ២៣ គំរូ ដើម្បីស្វែងរកសារធាតុគីមី ដែលច្បាប់ហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។


លោកបានបញ្ជាក់ថា៖ ក្រោយពីធ្វើតេស្តបឋម ទៅលើគ្រឿងឧបភោគបរិភោគទាំង ២៣ គំរូនោះ មន្ត្រីជំនាញយើងបានរកឃើញសារធាតុគីមី១គំរូ គឺពពុះសណ្ដែកមានសារធាតុគីមីបូរ៉ាក់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ យកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។


លោកក៏បានធ្វើការផ្សព្វផ្សាយ ណែនាំដល់បងប្អូនអាជីវករទាំងអស់ មុននឹងលក់មុននឹងទិញ ត្រូវពិនិត្យកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram