លោក Carrick ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី ក្លិប Middlesbrough

(មីដលប្រឺ)៖ ក្លិបបាល់ទាត់ Middlesbrough បានតែងតាំងអតីតអ្នកចាត់ការបណ្តោះអាសន្ន ក្លិប Manchester United លោក Michael Carrick ជាអ្នកចាត់ការថ្មីរបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគទី២ អង់គ្លេស Championship នៅថ្ងៃចន្ទ ខណៈអតីតខ្សែបម្រើរូបនេះ បានទទួលតួនាទីលើកដំបូង ក្នុងនាមជាអ្នកចាត់ការអចិន្ត្រៃយ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

លោក Carrick បានចាកចេញពីក្លិប United កាលពីខែធ្នូ ឆ្នាំមុន ក្រោយបានកាន់តួនាទីជាអ្នកចាត់ការបណ្តោះអាសន្ន បន្ទាប់ពីការបណ្តេញចេញ អ្នកចាត់ការសញ្ជាតិន័រវេស លោក Ole Gunnar Solskjaer។
បុរសវ័យ ៤១ឆ្នាំ ជាអតីតកីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានជំនួសតំណែងលោក Chris Wilder ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមខែនេះ បន្ទាប់ពីក្លិបមួយនេះ បានឈរនៅចំណាត់ថ្នាក់ទី៣ រាប់ពីបាតតារាង។
«Middlesbrough ជាក្លិបអាជីពលើកដំបូងដែលខ្ញុំធ្លាប់លេងកាលពីខ្ញុំមានអាយុ ៩ឆ្នាំ។ ដូច្នេះវាគឺជាអារម្មណ៍ដ៏ពិសេស ដែលបានត្រឡប់មកទីនេះវិញ ក្នុងនាមជាគ្រូបង្វឹក» Carrick បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។
Middlesbrough កំពុងជួបការលំបាកក្នុងការប្រកួតនៅ Championship ហើយកំពុងឈរនៅចំណាត់ថ្នាក់ទី២១ ក្នុងតារាង បន្ទាប់ពីលេងបាន ១៦ប្រកួត មាន ១ពិន្ទុលើតំបន់កាត់ចេញ។ ពួកគេនឹងត្រូវប៉ះក្រុម Preston នៅក្រៅទឹកដីនាថ្ងៃសៅរ៍សប្តាហ៍នេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram