សម្តេចតេជោ ហ៊ុន សែន៖ កុំបារម្ភលើវ៉ាក់សាំងពីប្រទេសណា ម៉ាកអ្វី? គប្បីបារម្ភពីការអត់វ៉ាក់សាំង …

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅជនរួមជាតិក្នុង និងក្រៅប្រទេសឱ្យឈប់បារម្ភចំពោះវ៉ាក់សាំងមកពីប្រទេសណាមួយ ឬម៉ាកអ្វីតទៅទឿ ប៉ុន្តែពួកគេគប្បីបារម្ភអំពីការអត់វ៉ាក់សាំងចាក់ជំនួសវិញ ដោយសារតែលើពិភពលោក មិនមានវ៉ាក់សាំងលក់តាមផ្សារនោះឡើយ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គ្រាដែលកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ ស៊ីណូហ្វាម (Sinopharm) របស់ចិន លើថ្នាក់ដឹកនាំមួយចំនួនដែលស្ម័គ្រចិត្ត។


សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុង និងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា រហូតដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏ដោយ ក៏រកទិញវ៉ាក់សាំងមិនបានដែរ ដោយសារការផលិតមិនទាន់។


រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសដល់កម្ពុជា ដោយក្នុងនោះ វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ជាជំនួយជំហានដំបូង ចំណែកវ៉ាក់សាំង៤០ម៉ឺនដូសទៀត នឹងត្រូវបញ្ជូនមកជាបន្តបន្ទាប់។


សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការទទួលបាន និងការចាក់វ៉ាក់សាំងនេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលជាមិត្តដែកថែប។ សម្តេចបានយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស លោកប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram