ឧត្តមសេនីយ៍ទី ចំរើនកុសល ៖ មនុស្សឥឡូវកាន់តែកាចសាហាវទៅ កាចសាហាវទៅហើយ បាញ់សម្លាប់ជីវិតមនុស្សដូចបាញ់ចាប…..

ភ្នំពេញ៖ ករណីបាញ់សម្លាប់មនុស្សចំនួន៣នាក់ ឧត្តមសេនីយ៍ទី ចំរើនកុសល បានថ្លែងសារលើហ្វេសប៊ុក នៅថ្ងៃទី១២កុម្ភៈនេះថា៖ មនុស្សឥឡូវកាន់តែកាចសាហាវទៅ កាចសាហាវទៅហើយ បាញ់សម្លាប់ជីវិតមនុស្សដូចបាញ់ចាប ។អ្នកអាចរត់ប៉ុន្តែអ្នកមិនអាចលាក់ខ្លួនបានរហូតទេ ព្រោះច្បាប់តាមរកអ្នករហូត។កាលពីយប់មិញមានបុរស ២ នាក់ត្រូវបានជនដៃដល់បាញ់សម្លាប់ ព្រមទាំងម្នាក់ទៀត បានរងរបួសធ្ងន់កំពុងធ្វើការសង្គ្រោះបន្ទាន់ទីតាំងក្នុងសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។


ក្រោយកើតហេតុភ្លាម លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌពោធិសែនជ័យ លោកវរសេនីយ៍ឯក អ៊េង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការក្រុងភ្នំពេញ កម្លាំងជំនាញ ចុះពិនិត្យ សាកសួរ ស្រាវជ្រាវ តាំងពីយប់កើតហេតុ រហូតដល់ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកអធិការ នាយការិយាល័យ កម្លាំងជំនាញនៅបន្តចុះ ធ្វើការស្រាវជ្រាវ ខណៈដែលជនដៃដល់ (រូបភាពពាក់អាវលឿង )កំពុងរត់គេចខ្លួន ។
សូមរំលឹកថា នៅវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទដៃយីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីឈ្លោះគ្នាផ្តើមចេញពីរឿងស្ទះចរាចរណ៍តូចតាចមួយហើយឈានដល់មានការបាញ់សម្លាប់មនុស្សចំនួន៣នាក់។ បច្ចុប្បន្នជនដៃដល់និងបក្សពួកកំពុងរត់គេចខ្លួន។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមកឈប់ចតមួយភ្លែតនៅមុខផ្ទះ ដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុ បន្ទាប់មកឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា មកពីក្រោយរួចស៊ីផ្លេ ដាក់រថយន្តឲ្យអែប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដី ដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បីនោះ ក៏បានបើកចេញទៅបាត់ ។


ប្រភពបន្តថា៖ លុះមួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បី មកវិញម្ដងទៀត ជាមួយបក្ខពួក ជិះម៉ូតូជាច្រើនគ្រឿង ហើយជម្លោះសម្ដីបន្ថែមទៀតអ្នករត់កង់បីនោះ បានស្ទុះយកកាំភ្លើង ពីបក្ខពួក បាញ់ជនរងគ្រោះទាំង៣នាក់ ម្នាក់ត្រូវមួយគ្រាប់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើហេតុម្នាក់ និង២នាក់ទៀតដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក៏ស្លាប់ដែរ ។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះមកដល់ពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុមជនល្មើស យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram