លោកបណ្ឌិត ថោង ខុន ជំរុញការងារពិធីការ ដើម្បីត្រៀមស្វាគមន៍ពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់លើការងាររៀបចំពិធីការ ដើម្បីត្រៀមស្វាគមន៍ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនឹងមានប្រមុខរដ្ឋា និងថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងឥស្សរជនកីឡាអន្ដរជាតិជាច្រើនចូលរួម ។

លោករដ្ឋមន្ដ្រី បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារគណៈកម្មការទីលានប្រកួត និងគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកញ្ញានេះ នៅសាលប្រជុំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើការងារពីរ ពាក់ព័ន្ធនឹងពិធីការដែលត្រូវរៀបចំ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំ ។
លោក វ៉ាត់ ចំរើន បន្ដថា «កិច្ចប្រជុំនេះ បានផ្ដោតការយកចិត្តទុកដាក់ទៅលើពិធីការ នៃការរៀបចំ ទី១-វេទិកាគណៈអធិបតី ដែលយើងត្រូវរៀបចំឲ្យមានសភាពត្រឹមត្រូវ ដើម្បីអាចងាយស្រួលក្នុងការទស្សនារបស់គណៈអធិបតី និងរៀបចំច្រកពិធីការឲ្យបានត្រឹមត្រូវ ។ ទី២-ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលយើងត្រូវពិនិត្យមើល តាំដងពីប្រព័ន្ធសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ កន្លែងចំណតផ្សេងៗ ពិសេសការកសាងភូមិកីឡា» ។
ពាក់ព័ន្ធនឹងភូមិកីឡាវិញ កិច្ចប្រជុំបានសម្រេចយកផែនការ B ជាគោល ប្រសិនបើផែនការ A មិនអាចសម្រេចតាមផែនការ ។ ផែនការ B គឺការកំណត់គ្រែ សម្រាប់ស្វាគមន៍ការស្នាក់នៅរបស់ប្រតិភូ និងអត្តពលិកចំនួន ៣,៧០០នាក់ ខណៈផែនការ A ជ្រើសរើសយកជាង ៤ពាន់នាក់ ។ ចំពោះការសាងសង់ កំពុងមានភាពវិជ្ជមានច្រើន តែកិច្ចប្រជុំបានជ្រើសរើសយកផែនការ B ដែលមានភាពជាក់លាក់ អាចគ្រប់គ្រាន់ សម្រាប់ដំណើរការនៃការឆ្លាសគ្នាចុះឡើង ក្នុងរង្វង់ប្រតិភូ និងកីឡាករ-កីឡាការិនីប្រមាណ ៩ពាន់នាក់ ។
លោកបញ្ជាក់ថា «នេះគឺជាអ្វីដែលឯកឧត្ដមបណ្ឌិត ថោង ខុន បានណែនាំឲ្យគ្រប់ភាគីទាំងអស់ ទាំងភាគីក្រុមហ៊ុនសាងសង់ភូមិកីឡា ទាំងគណៈកម្មការជំនាញ ដែលត្រូវគ្រប់គ្រងខាងផ្នែកស្នាក់នៅ ហូបចុក នេះ គឺត្រូវត្រួតពិនិត្យ តាមដាន និងវាយតម្លៃ គ្រប់ពេលវេលាទាំងអស់» ។
ចំពោះការរៀបចំច្រកចេញ-ចូល អំឡុងពិធីបើក-បិទវិញ ត្រូវបានជំរុញឲ្យមានការរៀបចំច្រក VIP សម្រាប់គណៈថ្នាក់ដឹកនាំ ច្រកចេញ-ចូលសម្រាប់កីឡាករ-កីឡាការិនី និងច្រកចេញ-ចូលសម្រាប់មហាជន ពោលគឺត្រូវបែងចែកឲ្យមានសុវត្ថិភាពទាំងអស់ ។ ម្យ៉ាងការបែងចែកនេះ គឺដើម្បីធានាបាននូវគោលការណ៍ច្បាស់លាស់ និងងាយស្រួលក្នុងការស្វែងរកកន្លែងអង្គុយទស្សនា ទាំងថ្នាក់ដឹកនាំ និងមហាជនផងដែរ ។
លោកបន្ថែមថា ជារួមកិច្ចប្រជុំថ្ងៃនេះ បានសម្រេចលទ្ធផលជាច្រើន ក្រៅពីជំរុញលើការត្រៀមរៀបចំការងារពិធីការងារ បន្ទាប់ពីមានការសម្រេចលើផែនការស្នាក់នៅ ផែនការដឹកជញ្ជូន និងផែនការម្ហូបហារ ។ ចំពោះផែនការម្ហូបអាហារ ត្រូវបានគណៈកម្មការជំនាញរបស់ CAMSOC រៀបចំជ្រើសរើសក្រុមហ៊ុន តាមរយៈការដេញថ្លៃត្រឹមត្រូវ ហើយបានជ្រើសរើសរួចរាល់ រង់ចាំតែឆ្លងសម្រេចពីថ្នាក់ដឹកនាំ ក្នុងការកំណត់ក្រុមហ៊ុនមានសមត្ថភាពលេចធ្លោរជាងគេប៉ុណ្ណោះ ៕








