AFC U20៖ កម្ពុជា ប៉ះសិង្ហបុរី ម៉ោង ៧យប់នេះ ខណៈអ្នកគាំទ្រសង្ឃឹមធ្វើបានល្អជាងមុន
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងបន្ដការប្រកួតទី២ របស់ខ្លួន ដោយត្រូវជួបក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំសិង្ហបុរីនាវេលាម៉ោង ៧យប់ ថ្ងៃទី១៦ ខែកញ្ញានេះ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup 2023 ពូល I នៅកីឡដ្ឋាន Republican Central ប្រទេសតាជីគីស្ថាន។

គួរដឹងថា ការប្រកួតដំបូង កម្ពុជាបានបរាជ័យក្រោមថ្វីជើងក្រុមខ្លាំង U20 លីបង់ ក្នុងលទ្ធផល ១-០ ខណៈសិង្ហបុរី បានប្រកួតស្មើក្រុមម្ចាស់ផ្ទះ ០-០។ បែបនេះក្ដី អ្នកគាំទ្រសង្ឃឹមថា ការប្រកួតបន្ទាប់របស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងធ្វើបានកាន់តែល្អប្រសើរជាងមុន ដ្បិតមានពេលវេលាហ្វឹកហាត់ និងសម្រាកគ្រប់គ្រាន់មុនការប្រកួត ផ្ទុយពីការប្រកួតជាមួយលីបង់ ដែលធ្វើឡើង ១ថ្ងៃ ក្រោយកម្ពុជាធ្វើដំណើរដល់តាជីគីស្ថាន។
សម្រាប់ការប្រកួតជាមួយក្រុម U20 សិង្ហបុរីយប់នេះ កម្ពុជាត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាឱកាសឡើងទៅវគ្គបន្ដ។ ក្រោយចប់ការប្រកួតនេះ កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះតាជីគីស្ថាន ក្រោយគេនាថ្ងៃទី១៨ ខែកញ្ញា ខាងមុខ។ បច្ចុប្បន្នក្នុងពូល I លីបង់ កំពុងឈរកំពូលតារាងមាន ៣ពិន្ទុ ខណៈសិង្ហបុរី និងតាជីគីស្ថាន មាន ១ពិន្ទុស្មើគ្នា គ្រាដែលកម្ពុជា មិនទាន់មានពិន្ទុក្នុងដៃនោះទេ៕





