ប្រាក់ចំណេញក្រុមហ៊ុន Tesla កំពុងធ្លាក់ចុះ ខណៈ Musk បញ្ជាក់ថា Tesla កំពុងមានបញ្ហាសង្វាក់ផលិតកម្ម
(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសទី២ តិចជាងការរំពឹងទុក ដោយសារតែតម្លៃការលក់រថយន្តអគ្គិសនីរបស់ខ្លួនបានកើនឡើងខ្ពស់ ជាហេតុជួយទូទាត់បញ្ហាប្រឈមក្នុងការផលិតដែលបណ្តាលមកពីការរាំងខ្ទប់ COVID-19 នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

នាយកប្រតិបត្តិ (CEO) លោក Elon Musk បាននិយាយថា លោករំពឹងថាអតិផរណានឹងចាប់ផ្តើមបន្ថូរបន្ថយនៅចុងឆ្នាំ ២០២២នេះហើយតម្លៃទំនិញនាំចូលភាគច្រើននឹងមានស្ថេរភាព។ យ៉ាងណាមិញទាក់ទិននឹងការធ្លាក់ចុះប្រាក់ចំណេញនេះ Musk បាននិយាយនៅក្នុងសន្និសីទមួយថា «Tesla មិនមានបញ្ហាតម្រូវការទេ ប៉ុន្តែមានបញ្ហាសង្វាក់ផលិតកម្ម» ខណៈលោកបានច្រានចោល គំនិតដែលថា បញ្ហាសេដ្ឋកិច្ចពិភពលោកកំពុងតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន Tesla បើទោះបីជាតម្លៃរថយន្តកើនឡើងដល់កម្រិតដែលលោកហៅថា« Embarrassing levels» ក៏ដោយ។
ជាក់ស្តែងតម្លៃរថយន្តអគ្គិសនីរបស់ Tesla Model Y long-range version ពេលនេះមានតម្លៃ ៦៥,៩៩០ដុល្លារអាមេរិក ដែលកើនឡើងជាង ៣០ភាគរយចាប់តាំងពីឆ្នាំ២០២១មក។ ដែលបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងប្រហែល ១ភាគរយនៅក្នុងការជួយដូរ គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ ប៉ុន្តែភាគហ៊ុនបានធ្លាក់ចុះប្រហែល ៤០ភាគរយពីកម្រិតខ្ពស់បំផុតរបស់ពួកគេបើធៀបទៅនឹងខែវិច្ឆិកាកន្លងទៅ។
ជាមួយគ្នានេះ Tesla បានប្រកាសពីប្រាក់ចំណេញសរុបនៃរថយន្តរបស់ខ្លួនបានធ្លាក់ចុះដល់ ២៧.៩ភាគរយ បើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ចំពេលមានសម្ពាធអតិផរណា។ ខណៈប្រាក់ចំណូលសរុបបានធ្លាក់ចុះមកត្រឹម ១៦.៩៣ពាន់លានដុល្លារក្នុងត្រីមាសទី២ ពី ១៨.៧៦ពាន់លានដុល្លារអាមេរិកបើធៀបនឹងត្រីមាសមុន។
បើយោងតាមអ្នកវិភាគ Morgan Stanley បាននិយាយនៅក្នុងរបាយការណ៍មួយបន្ទាប់ពីការប្រកាសប្រាក់ចំណូលរបស់ Tesla ថា «ការធ្លាក់ចុះទាំងនេះ ដោយសារតែបញ្ហាប្រឈមថ្មីជាមួយនឹងការបង្កើនផលិតកម្មថ្មី ជាពិសេសនៅទីក្រុងប៊ែឡាំង» ដែលជាកក្តាធ្វើឱ្យក្រុមហ៊ុនចំណាយច្រើននឹងប៉ះពាល់ទៅដល់ភាគហ៊ុនផងដែរ៕



