អតីតខ្សែបម្រើប្រយុទ្ធ Man Utd កីឡាករ Jesse Lingard ខិតជិតនឹងចូលរួមជាមួយក្លិប Nottingham Forest
(ណតធីងហេម)៖ អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លិប Manchester United កីឡាករ Jesse Lingard ជិតសម្រេចក្នុងការចុះកិច្ចសន្យា លេងឲ្យក្លិប Nottingham Forest លើការផ្ទេរដោយឥតបង់ថ្លៃ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ។

កីឡាករវ័យ២៩ឆ្នាំ ដែលធ្លាប់ជាប់៣២លើក លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានធ្វើការជជែកជាមួយនឹងក្លិប ដែលទើបឡើងទៅលេងថ្មី នៅឯលីគកំពូលអង់គ្លេស Premier League នេះ ប៉ុន្តែមិនទាន់មានការសម្រេចណាមួយ នៅឡើយនោះទេ។
លោកបានចាកចេញពីក្លិប United បន្ទាប់ពីចំណាយពេលជាង២០ឆ្នាំ នៅឯក្លិបមួយនេះ នៅពេលដែលកិច្ចសន្យារបស់លោក បានផុតកំណត់ កាលពីដាច់ខែមិថុនាកន្លងទៅ។
Lingard ក៏មានការជាប់ពាក់ព័ន្ធ នឹងការវិលត្រឡប់ទៅលេងឲ្យក្លិប West Ham វិញផងដែរ។
លោកធ្លាប់លេងក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយក្លិបញញួរមាស West Ham អំឡុងរដូវកាល២០២០-២១ ដោយបានស៊ុតបញ្ចូលទី៩គ្រាប់ ក្នុងការចាប់ផ្តើមលេងនៅលីគ Premier League ចំនួន១៦ប្រកួត។
សូមរំលឹកថា Lingard ដែលមានការជាប់ពាក់ព័ន្ធ នឹងការពិភាក្សាគ្នា ជាមួយក្លិប Everton ដែរនោះ បានបង្ហាញខ្លួន២២ប្រកួត សម្រាប់ក្លិប Manchester United កាលពីរដូវកាលមុន៕



