ល្បិចឪពុកអ្នករើសអេតចាយ និងកូនកម្មការិនីរោងចក្រ សមគំនិតយកអស់១០ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធក្នុងអំពើ ឆបោ.ក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង ក្រោមរូបភាពសមគំនិតគ្នា ខ្ចីប្រាក់អ្នកដទៃចំនួន១០ម៉ឺនដុល្លារមិនសង ថែមទាំងដាក់តម្កល់ឯកសារក្លែងទៀតផង ។

ជនសង្ស័យខាងលើនេះ ទី១- ឈ្មោះ វ៉ាន់ សុខន ហៅ ទេព ប៊ុនសេង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅផ្ទះលេខ៦៦ ស្ថិតក្នុងភូមិញញឹម សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២- ឈ្មោះ ជឹម ណាវី ហៅ ហាំ ហៅ កិ រស់ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិដីថ្មី សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី៣- ឈ្មោះ ទួន រស្មី ហៅ ទេព បុប្ផា ភេទស្រី អាយុ២២ឆ្នាំ (កូនទេព ប៊ុនសេង) មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សំណុំរឿងខាងលើនេះ គឺស្ថិតនៅលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងក្រោយពីសាកសួរ តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យទាំង៣នាក់ជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
តាមប្រភពព័ត៌មានឲ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺមានឈ្មោះ ហៀង ស្រីរ័ត្ន ភេទស្រី មុខរបរជាអ្នករកស៊ី ។ហើយនៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា លើកទី១- កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សមួយក្រុម (ប្តី-ប្រពន្ធ) រួមទាំងជនសង្ស័យ៣នាក់ខាងលើផង បានសមគំនិតគ្នាជាចង្កោម ទៅខ្ចីប្រាក់ពីឈ្មោះ ហៀង ស្រីរ័ត្ន ចំនួន១០ម៉ឺនដុល្លារអាមេរិក ដោយបានដាក់ឯកសារ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានទីតាំងស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ដីទំហំ៥៣១ម៉ែត្រការ៉េ) អត្តសញ្ញាប័ណ្ណ និងសៀវភៅស្នាក់នៅ តម្កល់ឲ្យដើមបណ្តឹងដើម្បីមានការជឿទុកចិត្ត ។

លើកទី២ លុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សដដែលនោះ បានបង្កើតក្រុមមួយថ្មីទៀតទៅខ្ចីប្រាក់ពីជនរងគ្រោះចំនួន៣០ម៉ឺនដុល្លារអាមេរិក ដោយបានយកឯកសារ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ ដែលមានដីទំហំ ៥ ៦៦៣ ម៉ែត្រក្រឡា ទៅដាក់តម្កល់ឲ្យដើមបណ្តឹង ។ ប៉ុន្តែពេលលើកទី២នេះ ដោយសារទំហំទឹកប្រាក់ខ្ពស់ពេក ដើមបណ្តឹងក៏បានសុំចុះបន្ទុកនៅក្រសួងដែនដីនគរូបនីយ៍កម្ម និងសំណង់ តែក្រុមនោះមិនព្រមឲ្យទេ ដូច្នោះដើមបណ្តឹងមានការសង្ស័យ ក៏បានទៅឆែកមើលឯកសារពាក់ព័ន្ធនៅក្រសួងដែនដីនគរូបនីយ៍កម្ម និងសំណង់ ទើបដឹងថា ឯកសារទាំងអស់នោះសុទ្ធតែក្លែងក្លាយ ដើម្បីក្លែងបន្លំខ្ចីប្រាក់ ។

ដោយដឹងថា ទង្វើជនសង្ស័យមួយក្រុមនេះ មានគំនិតទុច្ចរិតហើយនោះ នៅថ្ងៃទី១៧ ខែកុម្ភៈ ជនរងគ្រោះក៏បានណាត់ជួបពួកគេនៅផ្ទះ ដើម្បីធ្វើឯកសារប្រគល់ប្រាក់ តែជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចរួចហើយដែរ ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅអនុវត្តច្បាប់ ដែលមានឈ្មោះ៣នាក់ខាងលើ (ឪពុកជាអ្នករើសអេតចាយ កូន និងអ្នកសមគំនិត ដែលជាកម្មការិនីរោងចក្រ) ចំណែកបក្សពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន ។
តែទោះជាយ៉ាងនេះក្តី មានមតិបានលើកឡើងថា ជនរងគ្រោះបានខាតបង់អស់ប្រាក់ចំនួន១០ ម៉ឺនដុល្លារអាមេរិករួចទៅហើយ បើកុំតែដឹងទាន់ កុំអីត្រូវអស់៣០ម៉ឺនដុល្លារទៀតមិនខាន សំណួរសួរថា តើចាប់ជនឆបោ.កទាំងនោះបានហើយ ត្រូវច្របាច់.កយកអីមកវិញ បើពួកគាត់សុទ្ធមានមុខរបរជាអ្នករើសអេតចាយ និងជាកម្មការិនីរោងចក្រ? ៕
