James Rodriguez វិលត្រឡប់ចូលក្រុមជម្រើសជាតិកូឡុំប៊ីវិញ ក្រោយអវត្តមាន១២ខែ
(បូហ្គូតា)៖ កីឡាករខ្សែបម្រើប្រយុទ្ធ James Rodriguez ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិកូឡុំប៊ីវិញ សម្រាប់ការប្រកួតជម្រុះ World Cup ប៉ះនឹងក្រុមប្រេស៊ីល និងប៉ារ៉ាហ្គាយ បន្ទាប់ពីអវត្តមានរយៈពេល១២ខែ, នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់កូឡុំប៊ី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
Rodriguez, ដែលបានចូលរួមជាមួយក្លិប Al-Rayyan របស់កាតា ដោយផ្ទេរមកពីក្លិប Everton កាលពីខែកញ្ញានោះ, មិនបានលេងតំណាងឲ្យក្រុមជម្រើសជាតិនោះទេ ចាប់តាំងពីស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតតង់ដំបូង នៃការប្រកួតចាញ់៦-១ ក្រោមថ្វីជើងក្រុមអេក្វាឌ័រ កាលពីខែវិច្ឆិកា ឆ្នាំមុន។

កីឡាករវ័យ៣០ឆ្នាំ ទើបតែបានបង្ហាញខ្លួន៣ប្រកួតប៉ុណ្ណោះ ឲ្យក្លិប Al-Rayyan ដោយសារតែរបួសកំភួនជើង។
អ្នកចាត់ការក្រុមបាល់ទាត់កូឡុំប៊ី លោក Reinaldo Rueda ក៏បានកោះហៅកីឡាករ៤រូបផ្សេងទៀត ដែលមិនជាប់ក្នុងក្រុមជម្រើសជាតិផងដែរ រួមមាន៖ ខ្សែប្រយុទ្ធ Cristian Arango លេងនៅក្លិប Los Angeles FC, អ្នកចាំទីក្លិប Independiente Medellin កីឡាករ Andres Mosquera, ខ្សែការពារក្លិប Seattle Sounders កីឡាករ Yeimar Gomez និងខ្សែប្រយុទ្ធក្លិប Talleres Cordoba កីឡាករ Diego Valoyes។

ក្រុមកូឡុំប៊ី នឹងប្រកួតប៉ះក្រុមប្រេស៊ីល នៅទីក្រុង Sao Paulo នៅថ្ងៃទី១១ ខែវិច្ឆិកា ហើយនឹងក្រុមប៉ារ៉ាហ្គាយ នៅទីក្រុង Barranquilla ក្នុងរយៈពេល៥ថ្ងៃបន្ទាប់។
កូឡុំប៊ី បច្ចុប្បន្ន ស្ថិតនៅលំដាប់ថ្នាក់ទី៤ ក្នុងចំណោម១០ក្រុម នៃការប្រកួតជម្រុះនៅទ្វីបអាមេរិកខាងត្បូង ដោយមាន១៦ពិន្ទុ បន្ទាប់ពីឆ្លងកាត់១២ប្រកួត។ ក្រុមកំពូលចំនួន៤ នឹងឡើងទៅការប្រកួត World Cup នៅប្រទេសកាតា នាឆ្នាំក្រោយ ខណៈក្រុមជាប់លំដាប់ថ្នាក់ទី៥ នឹងបន្តទៅប្រកួតជម្រុះអន្តរជាតិ៕

