ក្រុមហ៊ុនចិន កំពុងសាងសង់ព្រលានយន្តហោះ ( តេជោ )ប្តេជ្ញាជម្នះការលំបាក ដើម្បីសម្រេចគម្រោងសាងសង់ ដ៏ធំសម្បើមនៅកម្ពុជា

(ភ្នំពេញ)៖ ក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ (China Construction Third Engineering) ដែលកំពុងរ៉ាប់រងលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ហាញការតាំងចិត្ត និងប្តេជ្ញាចិត្តខ្ពស់ជម្នះនូវការលំបាកទាំងឡាយ ដើម្បីសម្រេចឱ្យបានលើគម្រោងដ៏ធំសម្បើម និងពោរពេញដោយមោទនភាពនៅកម្ពុជា។


ក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ គឺជាក្រុមហ៊ុនធ្លាប់បានសាងសង់សំណង់ធំៗជាច្រើននៅក្នុងប្រទេសចិន រួមទាំងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្នុងទីក្រុងវូហាន ដែលចំណាយពេលសាងសង់ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ ឈរលើបិទពិសោធន៍យូរឆ្នាំនៃការសាងសង់នេះ ក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ ទទួលបានទំ នុកចិត្ត និងត្រូវបានឱ្យទទួលបន្ទុកលើការសាងសង់លើសំណង់សំខាន់ៗ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជាមួយនេះ ដូចជាស្ថានីយអ្នកដំណើរ និងមជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល។
ក្នុងរយៈពេលប្រមាណជា២ឆ្នាំមកនេះ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លើការងារបច្ចេកទេស លក្ខខណ្ឌអាកាសធាតុ ជាពិសេសការរាតត្បាតនៃជំងឺកូវីដ១៩។ បើទោះបីត្រូវប្រឈមនឹងឧបសគ្គ ការលំបាកជាច្រើនយ៉ាងណាក្តី តែថ្នាក់ដឹកនាំក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ វិស្វករ បុគ្គលិក និងកម្មករទាំងអស់ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការសាងសង់។
លោក សាង ហាយហ្វឹង ប្រធានគ្រប់គ្រងគម្រោងសាងសង់នៃក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ បានប្រាប់ Fresh News «ក្នុងការដ្ឋានសាងសង់នេះ យើងបានជួបបញ្ហាច្រើន ជាពិសេសការរាតត្បាតជំងឺកូវីដ១៩ វាបានធ្វើឱ្យប៉ះពាល់ដល់ច្រវ៉ាក់ការងាររបស់យើង។ តែពួកយើងបានជម្នះការលំបាកទាំងនោះ ហើយប្រឹងប្រែងសាងសង់ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីឱ្យសំណង់នេះដំណើរការទៅមុខ ហើយអាចបញ្ចប់តាមផែនការដាក់ចេញ»។
បើទោះត្រូវប្រឈមនឹងការលំបាកលើការងារផ្សេងៗ រួមទាំងការរាតត្បាតនៃជំងឺកូវីដ១៩យ៉ាងណាក្តី តែដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ចម្ងាយប្រមាណជា ២៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ នៅតែបន្តដំណើរការរបស់ខ្លួនទៅមុខជានិច្ច។ មកដល់ពេលនេះ សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ប្រមាណ ២៧ភាគរយហើយ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យការដ្ឋាន និងសំណេះសំណាលជាមួយបុគ្គលិក កម្មករ នៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីរីករាយចំពោះការរក្សាបាននូវដំណើរការនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយនេះ ទោះបីស្ថិតក្នុងដំណាកកាលលំបាកនៃការរាតត្បាតជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់ បុគ្គលិក និងកម្មករទាំងអស់ ដែលបានរួមគ្នាជម្នះការលំបាក ហើយរក្សាបាននូវដំណើរការសាងសង់ទៅមុខជានិច្ច។
លោក សាង ហាយហ្វឹង បានបង្ហាញនូវការតាំងចិត្តខ្ពស់លើការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ធ្វើយ៉ាងណាឱ្យសំណង់នេះបញ្ចប់តាមការគ្រោងទុក ទោះបីត្រូវជួបការលំបាកយ៉ាងណាក៏ដោយ។
លោក សាង ហាយហ្វឹង បានអះអាងបែបនេះ «ខ្ញុំគិតថាមនុស្សគ្រប់រូបរួមទាំងខ្ញុំ និងសហការីរបស់ខ្ញុំ សុទ្ធតែមានកិត្តិយស និងអារម្មណ៍សប្បាយរីករាយដែលបានចូលរួមសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ពួកយើងនឹងនៅទីនេះសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយដែលមានគុណភាពល្អឥតខ្ចោះ។ ពួកយើងនឹងប្រឹងប្រែងជម្នះរាល់ឧបសគ្គទាំងអស់»។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទអាកាសយានដ្ឋាន 4F ដែលប្រភេទអាកាសយានដ្ឋានធំ អាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
បច្ចុប្បន្នការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក និងកម្មករសរុប ៣,៧៤០នាក់។ ក្នុងនោះកម្លាំងបុគ្គលិក និងកម្មករក្នុងស្រុកប្រមាណ ៣,១២៥នាក់ និងបុគ្គលិក កម្មករមកពីបរទេសមកពីប្រទេសចំនួន៩ នៅអឺរ៉ុប និងអាស៊ីចំនួន ៦១៥នាក់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram