ដាក់លប និងមង ជាប់កូនក្រពើៈ អ្នកស្រុក រស់នៅជាប់មាត់បឹងភេ ប្រកាសឱ្យប្រុងប្រយ័ត្ន…

ខេត្តកំពង់ធំ៖ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ កសិករ ជាអ្នកនេសាទ បានដាក់មងជាប់កូនក្រពើ ជាបន្តបន្ទាប់ នៅចំណុចបឹងភេ ដែលជាបឹងធម្មជាតិមួយ មានទំហំប្រមាណជា ២៩ ហិកតា មានទីតាំងស្របតាម បណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថាៈ បឹងនេះ បានផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ មានការដាក់មង ចង សន្ទូច បេះផ្កា ផ្លែ និងស្លឹកឈូក ដកក្រអៅឈូក និងដកព្រលឹត យកទៅលក់ជាដើម។ បឹងនេះ ក៏ផ្តល់ស្មៅ និងទឹកដល់គោក្របីផងដែរ។

ប៉ុន្តែក្នុងបឹងទឹកជ្រៅ ធំ និងកន្លែងខ្លះ នៅជាទីកំបាំងមួយនេះ ក៏លេចនូវបាតុភូតហេតុ ដូចជាកាលពីថ្ងៃទី២២ ខែវិច្ឆិកា អ្នកនេសាទ លក្ខណៈគ្រួសារ បានដាក់ លបបានកូនក្រពើ ចំនួន ២ ក្បាល (ទម្ងន់ ០,៥ គ.ក្រ / ក្បាល) ហើយកាលពីថ្ងៃទី៥ និងទី៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកស្រុក បានដាក់លប និងមង នៅមាត់បឹងនេះ បានកូនក្រពើ ពីរក្បាល ( ១ទម្ងន់ ១ គ.ក្រ និង ១ទៀត ទម្ងន់ ៣ គ.ក្រ ) ។ រឿងនេះ កើតឡើង ក្រោយទឹកសម្រក ។

ពលរដ្ឋ បានស្នើថា បើបានជាមានករណីកូនក្រពើ ជាប់លប ជាប់មង ចឹងហើយ បើមិនជឿ ក៏ហីទៅចុះ តែសូមប្រយ័ត្នប្រយែងខ្លះទៅ ក៏ម្យ៉ាងដែរ ។ ប្រយ័ត្នក្រែង មានមេវាធំដែរ តែបើមិនមាន ក៏ជួយអរទៅចុះ។

នៅពេលមានករណីបែបនេះ កើតឡើង អាជ្ញាធរដែនដី ជាពិសេសមន្ត្រីផ្នែកជលផល ឬក៏អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត ហាក់ដូចជាពុំទាន់ មានប្រតិកម្ម ចំពោះបញ្ហានេះ នៅឡើយទេ។ ទោះបីជាយ៉ាងណា ក៏គប្បីតាមដានអំពីហេតុការណ៍នេះ ឱ្យបានដឹងជាក់ច្បាស់ ថាបឹងនេះ ពិតជាមានសត្វក្រពើ មែនឬ?៕(ប្រភពរស្មីកម្ពុជា)

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram