លោក ម៉ៃ សុគន្ធ ត្រូវមេការជាងសំណង់ ប្តឹង ពីបទ រំលោភលើទំនុកចិត្តទឹកប្រាក់ជិត១ម៉ឺនដុល្លារ

កណ្តាល៖លោក ម៉ៃ សុគន្ធ ត្រូវបានមេការជាងសំណង់រួមទាំងកូនជាងជាច្រើននាក់ ប្តឹងពីបទ រំលោភលើទំនុកចិត្តទឹកប្រាក់ជិត១ម៉ឺនដុល្លារ ចូលលោកស្នងការនគរបាលខេត្តកណ្តាល ដើម្បីអោយជួយរកយុត្តិធម៌ ។ នេះបើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។


យោងតាមពាក្យបណ្តឹង , ជនរងគ្រោះ បានរៀបរាប់ ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ៃ សុគន្ធ បានទាក់ទងលោកអោយធ្វើការសាងសង់ រីសតមួយកន្លែងស្ថិតនៅចំណុចក្រោយប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយមក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ៃ សុគន្ធ បានប្រគល់ប្រាក់អោយលោកចំនួន៤០% ស្មើនឹង៦,២០០ដុល្លារ និង បានព្រមព្រៀងគ្នាបញ្ចប់ការសាងសង់និងប្រគល់ប្រាក់បញ្ចប់ការងារ ។ ក្រោយមក ក្រុមជាងធ្វើសម្រុកធ្វើការងារ រួចរាល់មុនកាលកំណត់៥ថ្ងៃ ក៏បានទៅទាមទារប្រាក់ពីលោក ម៉ៃ សុគន្ធ ចំនួនជាង៩ពាន់ដុល្លារទៀតតែលោក ម៉ៃ សុគន្ធ បានគេចវេសរហូត ទើបឈានដល់ការដាក់ពាក្យបណ្តឹង តែម្តង ។


ជនរងគ្រោះ លោក ខាំ ប៉ុណ្ណារិន បានប្រាប់ CPNS NEWS បន្ថែមតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក ម៉ៃ សុគន្ធ មិនព្រមសងប្រាក់ជំពាក់ នោះទេ ពោលគឺ បានគេចវេសរហូត ដោយលោកសំណូមពរអោយលោកស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយរកយុត្តិធម៌ ជូនលោកផង ។


ដោយឡែក លោក ម៉ៃ សុគន្ធ វិញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានធ្វើលិខិតជូនដំណឹងមួយ ជម្រាបមក លោក ខាំ ប៉ុណ្ណារិន ផងដែរ អំពីការរំលាយកិច្ចសន្យាសាងសង់ ដោយលោក ម៉ៃ សុគន្ធ ចោទប្រកាន់ លោក ខាំ ប៉ុណ្ណារិន ថា មិនបានអនុវត្តអោយបានត្រឹមត្រូវតាមកិច្ចសន្យា សាងសង់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram