មីយ៉ាន់ម៉ាមិនអនុញ្ញាតឱ្យប្រេសិតអ.ស.បចូលក្នុងប្រទេសខ្លួន…
របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រទី៩មេសាបានបដិសេធមិនអនុញ្ញាតឱ្យប្រេសិតរបស់អង្គការសហប្រជាជាតិធ្វើទស្សនកិច្ចទេបន្ទាប់ពីប្រេសិតរូបនេះបានមកដល់ទីក្រុងបាងកកក្នុងក្តីសង្ឃឹមចាប់ផ្តើមកិច្ចប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ។

លោកស្រី គ្រីស្ទីន ស្រាន័រ បួជេន័រប្រេសិតពិសេសអ.ស.បសម្រាប់មីយ៉ាន់ម៉ាបាននិងកំពុងធ្វើដំណើរទៅកាន់បណ្តាប្រទេសអាស៊ីក្នុងគោលបំណងស្វែងរកច្រកចេញពីភាពវឹកវរដែលកំពុងកើតឡើងនៅប្រទេសជិតខាងរបស់ថៃ។

លោកស្រីបាននិយាយលើបណ្ដាញសង្គម Twttier ថា “ទើបតែមកដល់ក្រុងបាងកកដើម្បីពិភាក្សា។ ខ្ញុំសោកស្តាយដែលតាតម៉ាដាវ (យោធាភូមា)បានឆ្លើយតបមកខ្ញុំកាលពីម្សិលមិញថាពួកគេមិនបានត្រៀមខ្លួនទទួលខ្ញុំទេ។ ខ្ញុំត្រៀមខ្លួនសម្រាប់ការសន្ទនា។ អំពើហិង្សាមិនដែលនាំឱ្យមានដំណោះស្រាយប្រកបដោយចីរភាពទេ” ។
ការបដិសេធនេះកើតឡើងចំពេលមានការព្រួយបារម្ភជាអន្តរជាតិចំពោះព្រឹត្តិការណ៍នានាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានអង្រួនដោយការតវ៉ារាល់ថ្ងៃចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីនិងបានដណ្តើមកាន់កាប់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ។

លោកស្រីបួជេន័រកំពុងចាប់ផ្តើមដំណើររបស់លោកស្រីនៅប្រទេសថៃហើយនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនផងដែរទោះបីជាព័ត៌មានលម្អិតនិងពេលវេលាមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ។
ក្រុមមន្ត្រីអ.ស.បនិយាយថា ប្រេសិតរូបនេះចង់ធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបផ្ទាល់ជាមួយឧត្តមសេនីយ៍មីន អ៊ុងហ្លាំង ប៉ុន្តែអ្នកនាំពាក្យរបបយោធាបានបដិសេធ។
អ្នកនាំពាក្យលោក ស មីនទុន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងមិនបានអនុញ្ញាតចំពោះរឿងនេះទេ។ យើងមិនមានគម្រោងអនុញ្ញាតនៅពេលនេះទេ”។
រហូតមកទល់ពេលនេះមានជនស៊ីវិល ៦១៤ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបរបស់យោធាទៅលើការតវ៉ានិងជិត ៣.០០០នាក់ត្រូវបានចាប់ខ្លួននេះយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយដែលជាក្រុមឃ្លាំមើលក្នុងតំបន់៕
