ដំរីព្រៃ ដេញជាន់មនុស្ស តែសំណាង គ្មានអ្នក ស្លា ប់ …
មណ្ឌលគិរីៈ បុរសម្នាក់ បានរួចផុតពីការដេញជាន់ ពីសត្វដំរី តែរងរបួសបាក់ ក ជើង និងត្រូវបញ្ជួនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។
ប្រភពព័ត៌មានពី នគរបាលប៉ុស្តិ៍រដ្ឋបាលរមនា បានរាយការណ៍ថាៈ នៅវេលាម៉ោង ១២និង៤៥ នាទី ថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមនា បានទទួល ដំណឹងថា មានដំរីព្រៃ បានបំផ្លិចបំផ្លាញដំណាំ របស់ប្រជាពលរដ្ឋ និងផ្ទះចំការ ពួកគាត់ បានសំណូមពរ កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំង ជំនាញបរិស្ថាន និងប្រជាពលរដ្ឋ ជាម្ចាស់ដំណាំ ចុះទៅទីនោះ។

សេចក្តីរាយការណ៍ បានបន្តថា ពេលទៅដល់កន្លែងកើតហេតុ បានជួបប្រទះដំរីព្រៃ កំពុងធ្វើសកម្មភាព ជាន់ទន្ទ្រានផលដំណាំ ពេលនោះដំរី ឃើញមនុស្សទៅដល់បានដេញ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ បណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់ បានគ្រោះថ្នាក់ ដោយដួល បាក់ ក ជើងខាងឆ្វេង។

ជនរងគ្រោះ មានឈ្មោះ ភឿន កាវី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិព្នង បច្ចុប្បន្ន រស់នៅភូមិ ពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
នៅភូមិសាស្ត្រភូមិពូត្រុំនេះ លោក កាន់ ពេញ អធិការនគរបាល ក្រុងសែនមនោរម្យ បញ្ជាក់ថា ដំរី ១ ក្បាលនេះ រៀងរាល់ឆ្នាំ គឺតែងតែចេញមក ជាន់បំផ្លិចបំផ្លាញផលដំណាំ របស់ប្រជាពលរដ្ឋ។ លោកបានស្នើអោយមាន ការប្រុងប្រយ័ត្នខ្ពស់ ព្រោះដំរីមួយក្បាលនេះ មានចរឹកកាច ដែលងាយនឹងបង្ករគ្រោះថ្នាក់ ដល់អ្នកដែលទៅក្បែរ៕
