បុរសវ័យចំណាស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុកម៉ូតូមួយគ្រឿង រួចបន្តទៅបុកផ្ទះប្រជាពលរដ្ឋពីរកន្លែងទៀត បណ្ដាលឲ្យនារីម្នាក់រងរបួសជើងខាង

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត lexus rx300 មួយគ្រឿងជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យនារីម្នាក់រងរបួសជើងម្ខាងហើយរថយន្តបង្កមិនទាន់អស់ល្បឿនបន្តទៅបុកផ្ទះប្រជាពលរដ្ឋពីកន្លែងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ឯរថយន្តបង្កទៅមុខលែងរួច។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០៨ និង ៣០នាទីយប់ថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចក្បែរស្នាក់ការភូមិទ្រា៤ តាមបណ្តោយផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តឡិចស៊ីស rx300 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2I-6665ធ្វើដំណើរទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HW-8717ជិះដោយនារីម្នាក់បញ្ច្រាសទិសដៅគ្នាពីកើតទៅលិច បណ្ដាលឲ្យម៉ូតូបាក់កន្ទុយខាងក្រោយនិងនារីជាអ្នកបើកបររងរបួសជើងម្ខាង ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជា ៣០ ម៉ែត្របានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកផ្ទះបោកអ៊ុតនិងផ្ទះលក់ភេសជ្ជៈ បណ្តាលបាក់ទ្វារផ្ទះនឹងជញ្ជាំងផ្ទះរងការខូចខាតយ៉ាងដំណំ ឯរថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា បន្ទាប់មកម្ចាស់រថយន្តបង្កបានចេញសំណងទៅឲ្យខាងភាគីម៉ូតូចំនួន៥០ ដុល្លារដើម្បីបញ្ចប់រឿង បន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីរថយន្តបង្កធ្វើការសម្របសម្រួលគ្នាជាមួយភាគីម្ចាស់ផ្ទះ ដោយធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ដោយមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram