សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឆបោកម្នាក់បញ្ជូនទៅតុលាការ…
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបញ្ជូនជនសង្ស័យ ឆបោកម្នាក់ ទៅតុលាការ ដែលបានប្រព្រឹត្តកាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា៖ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋានចុះប្រតិបត្តិការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបាត់ដំបងឲ្យនាំខ្លួនជនសង្ស័យឈ្មោះ ពៅ វ៉ាន់ធី ហៅ លី ភេទប្រុស ឆ្នាំកំណើត ១៩៥៦ មានស្រុកកំណើតភូមិក្បាលរមាស ឃុំ/ស្រុកក្បាលរមាស ខេត្តកំពត មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ពាក់ព័ន្ធករណីឆបោក (យកប្រាក់,គ្រឿងអលង្ការ, និងម៉ូតូ) របស់ជនរងគ្រោះ។

តាមព័ត៌មានទទួលបានកាលពីអំឡុងខែតុលា ឆ្នាំ២០២០ កន្លងទៅជនសង្ស័យ បានធ្វើសកម្មភាព ឆបោកជនងគ្រោះចំនួន៣នាក់ នៅក្នុងក្រុងបាត់ដំបងដែលក្នុងនោះយកបានម៉ូតូចំនួន២គ្រឿង ប្រាក់រៀលចំនួន៥៥.៥៩៩.០០០រៀល និងគ្រឿងអលង្ការមានខ្សែកផ្លាទីនចំនួន២ខ្សែទម្ងន់១ដំឡឹង។

ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ចំនួន២គ្រឿង (ជារបស់ជនសង្ស័យ១គ្រឿង និងរបស់ជនរងគ្រោះ១គ្រឿង)។ ហើយ ម៉ូតូរបស់ជនរងគ្រោះត្រូវប្រគល់ជូនទៅម្ចាស់ដើមវិញ៕
