រថយន្ត lexus LX-570ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីកង់ ព្យាយាមបើករត់ត្រូវសមត្ថកិច្ចដេញឃាត់ជាប់
ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់បើករថយន្តស៊េរីទំនើបlexus lx570 មួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួនពីកង់ កាលពីវេលាម៉ោង ១២ និង ៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយរថយន្តបង្កព្យាយាមបើករត់ចេញពីកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចឃាត់ជាប់។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្ត lexus lx570 មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AD-3333ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ កែងនិងផ្លូវ៣៦០ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីកង់ ចំណែករថយន្តបង្កបានព្យាយាមបានបើករត់រហូតដល់ចំណុចខាងជើងស្តុបពេទ្យចិន ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញត្រូវបានកម្លាំងសមត្ថកិច្ចដេញគឃាត់ជាប់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញភ្លាមៗខណះដែលសមត្ថកិច្ចកំពុងរងចាំជំនាញចុះមកដល់ ស្រាប់តែមានបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ មួយគ្រឿង មកដឹកតែកុងរថយន្តបង្កចេញពីកន្លែងកើតហេតុ ទោះសមត្ថកិច្ចខំព្យាយាមរារាំងយ៉ាងណាក៏ដោយ ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕










