បុគ្គលឈ្មោះ សឹង ជុំ យល់ព្រមកាយដីដែលចាក់លុបស្រែអំបិលចេញមកវិញ ក្រោយមន្ទីរឧស្សាហកម្មកែប ដាក់កំណត់ពេល៣ថ្ងៃ…

កែប៖ បុគ្គល ឈ្មោះ សឹង ជុំ យល់ព្រមកាយដីដែលខ្លូនបានចាក់រំលោភចូលស្រែអំបិល ចេញមកវិញក្រោយមន្ទីរជំនាញបានដាក់កំណត់រយៈពេល៣ថ្ងៃ បើពុំព្រមអនុវត្តន៍ និងបញ្ជូនសំណុំរឿងទៅតុលាការ។ នេះបើយោងតាមការបញ្ជាក់របស់លិខិតរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប ដែលចុះកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ។


ការសម្រេចដាក់រយៈកាលកំណត់នេះ ក្រោយមន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះពិនិត្យនិងផ្ទៀងផ្ទាត់លើទីតាំងដែលបុគ្គលឈ្មោះ សឹង ជុំ បានចាក់ដីលុប ស្ថិតនៅភូមិអង្កោល ឃុំ អង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងផ្អែកតាមគំនូសប្លង់បង្ហាញរបស់ម្ចាស់ទីតាំងដីស្រែអំបិល ឈ្មោះ ប៊ុន បារាំង ឃើញថាការចាក់ដីរបស់បុគ្គលខាងលើ បានរំលោភចូលក្នុងដីស្រែអំបិល ប្រមាណ ១២៤០ ម៉ែត្រការ៉េ។
លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្តកែប បានឲ្យ ដឹងថា៖ ក្រោយពីទទូលបានលិខិតបង្គាប់អោយស្តារចេញមកវិញ យើងឃើញថា ឈ្មោះ សឹង ជុំ យល់ព្រមសហការ ដោយបានចាប់ផ្តើម ស្តារចេញមកវិញដូចដីដែលខ្លួនបានចាក់បំពានលើស្រែអំបិលរបស់អ្នកដទៃ យើងនឹងតាមមើលបន្តទៀតថាតើការអនុវត្តរបស់គាត់ ដូចការកំណត់របស់មន្ទីរដែរឬទេ។


លោកប្រធានមន្ទីរ បញ្ចាក់ថា៖ យើងមិនដឹងថា ការចាក់ដីចូលស្រែអំបិលអ្នកដទៃ ដើម្បីធ្វើផ្លូវនេះ គោលបំណង គឺជាអ្វីឲ្យពិតប្រាកដនោះទេ។មន្ទីរឧស្សាហកម្មបានឲ្យឈ្មោះ សឹង ជុំ នេះកាយដីចេញវិញ គឺជាដីដែលស្ថិតក្នុងការគ្រប់គ្រងរបស់មន្ទីរ តែរឿងផ្សេងទៀតមិនមែនជាកាតព្វកិច្ចរបស់មន្ទីរនោះទេ។


លោក ប៊ុន ចាន់ដារ៉ាវុធតំណាងម្ចាស់ដីស្រែអំបិល បានឲ្យដឹងថា៖ ទំហំជាក់ស្តែងដែលឈ្មោះ សឹង ជុំ បានចាក់បំពានចូលស្រែអំបិលរបស់លោកគឺមានទំហំធំជាងការកំណត់របស់មន្ទីរ ពោលគាត់បានចាក់លុបទាំងប្រព័ន្ធទឹកសាប ប្រព័ន្ធទឹកប្រៃ និងទំនប់ទប់ទឹក ដើម្បីការពារកុំអោយទឹកប្រៃហូរចូលស្រែអ្នក ភូមិ។ ស្រែអំបិលត្រូវពឹងផ្អែកលើប្រព័ន្ធទឹកក្នុងការផលិតអំបិល នៅពេលដែលគាត់ (សឹង ជុំ) បានចាក់ដីលុបប្រព័ន្ធទឹកបែបនេះ តើឲ្យលោកផលិតអំបិលបានដូចម្តេច?


លោកបានសំណូមពរឲ្យ ឈ្មោះ សឹង ជុំ នេះកាយដីដែលបានចាក់បំពានដីរបសលោក ចេញវិញទាំងអស់បើពុំដូចនេះទេ លោកនឹងដាក់ពាក្យបណ្តឹងទៅតុលាការ។
ម្ចាស់ដីខាងលើបង្ហើបប្រាប់ថា៖ តាមពិតឈ្មោះ សឹង ជុំ នេះ កំពុងជួយលាក់បាំងឲ្យអ្នកដែលចាក់ដី ពិតប្រាកដ ដែលបុគ្គលអាថកំបាំងនោះ មានដីនៅខាងក្រោយ។ ដោយមិនមានផ្លូវចូល ទើបគេឃុបឃិតគ្នា ចាក់ដីធ្វើផ្លូវចូលទៅកាន់ដីដែលនៅខាងក្រោយ ដោយមិនមានឲ្យអាជ្ញាធរដឹងលឺនោះទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram