សមាគមវារីវប្បកម្មករនៅកម្ពុជា ស្នើឲ្យក្រសួងពាក់ព័ន្ធបន្តរឹតបន្តឹងការនាំចូលត្រី…

ភ្នំពេញ៖ សមាគមវារីវប្បកម្មករនៅកម្ពុជា បានសំណូមពរដល់ក្រសួងពាក់ព័ន្ធផ្ទាល់ទាំង ៣ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលឲ្យកាន់តែម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការណ៍ជាក់លាក់ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យរបស់វារិវប្បករនៅកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សមាគមវារីវប្បកម្មករនៅកម្ពុជា កាលពីថ្ងៃទី ២ខែឧសភា ឆ្នាំ ២០២១។


សមាគមនេះបញ្ជាក់ថា៖ តាមការសង្កេតជាក់ស្តែង នៅក្នុងខែមេសា កន្លងទៅនេះ វារិវប្បករ ដែលបានលក់ត្រីអស់ពីស្រះរួចហើយ មានការរារែកជាខ្លាំងក្នុងការរៀបចំផែនការដាក់កូនត្រីចិញ្ចឹមបន្តទៀត ដោយសារកន្លងមកវារីវប្បករបានលក់ត្រីចេញពីស្រះតម្លៃទាបជាងថ្លៃដើមផលិត និងប្រមើលឃើញថា ទីផ្សារវារីវប្បកម្មនៅក្នុងប្រទេសកម្ពុជាក្នុងពេលអនាគត ហាក់មិនមានភាពច្បាស់លាស់បន្តទៀតដដែល។


សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា៖ បរិមាណត្រីចំនួន ៥៥២៧តោន កកស្ទះនៅក្នុងស្រះនៅឡើយ ដែលជារបស់វារីវប្បករ ចំនួន ៣១៥កន្លែង គិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ចំណែកនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ វារីវប្បករ ចំនួន ៣១៥កន្លែងដដែល នឹងមានត្រី ដែលដល់ពេលត្រូវចាប់លក់ជាបន្តទៀតចំនួន ៤៨២៩តោន។


ត្រី ដែលវារីវប្បករចិញ្ចឹម និងនៅកកស្ទះភាគច្រើន ភាគច្រើន គឺប្រភេទត្រីប្រា ត្រីស្តោ ត្រីពោ និងត្រីអណ្តែង។ ក្រៅពីនេះ មានត្រីផ្សេងៗមួយចំនួនទៀត ដូចជា ត្រីឆ្ពិន ត្រីទីឡាព្យ៉ា ត្រីក្រាញ់ និងត្រីធម្មជាតិជាដើម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram