រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តរៀបចំផ្សារសុវត្ថិភាពកូវីដ-១៩ក្នុងខេត្តឱ្យមានលក្ខណៈស្តង់ដារ…
កំពង់ស្ពឺ៖ ដោយសម្លឹងឃើញផ្សារមួយចំនួនបានយកចំណីផ្លូវធ្វើការដាក់តាំងលក់ ដែលធ្វើឱ្យបាត់នូវរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ បង្ករឱ្យមានគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ពិសេសស្ថិតក្នុងវិបត្តិនៃការរីករាលជំងឺកូវីដ-១៩ផងនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានធ្វើការរៀបចំផ្សារមិនរៀបរយ ឱ្យក្លាយជាផ្សារដែលមានស្តង់ដារសុវត្ថិភាព ជាពិសេសសុវត្ថិភាពជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតណែនាំរបស់រដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

ក្នុងលិខិតណែនាំបានបញ្ជាក់ថា រដ្ឋបាលខេត្តបាននិងកំពុងរៀបចំផ្សារសុវត្ថិភាពនេះ ឱ្យមានលក្ខណៈស្តង់ដារសុវត្ថិភាព ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ពិសេសេសសុខភាពសាធារណៈ ប្រយោជន៍ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ដូច្នេះគ្រប់ផ្សារត្រូវតែមានច្រកចូល និងចេញដាច់ដោយឡែកពីគ្នា រៀបចំឱ្យមានម៉ាស៊ីនស្កេនឃ្យូអ័រកូដ(QR Code) ម៉ាស៊ីនវាស់កំដៅ បាញ់អាល់កុល និងកត់ត្រាឈ្មោះ លេខទូរសព្ទ័មុននឹងចូល។ ក្រៅពីនេះ គណកម្មការផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញ ត្រូវតែពាក់ម៉ាសឱ្យបានត្រឹមត្រូវ លើកលែងតែពេលពិសាអាហារ។

ចំពោះសន្តិសុខជួរមុខត្រូវតែមានស្រោមដៃ និងរបាំងមុខបន្ថែម រក្សាគម្លាតឱ្យបានមួយម៉ែត្រកន្លះពីគ្នា ហើយសមត្ថភាពផ្ទុកមនុស្សក្នុងផ្សារ អតិបរមាក្នុងមួយពេលក៏មិនឱ្យលើសពី៥០ភាគរយនៃសមត្ថភាពផ្ទុកផងដែរ។ ចំពោះរានអាហារផ្សេងៗត្រូវតែមានទឹកក្តៅដាក់នៅខាងមុខដើម្បីស្រុះលាងកែវ ចាន ស្លាបព្រា សម្លាប់មេរោគ។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តក៏មិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងផ្សេងៗ រាល់ការលក់ដូរអាជីវករត្រូវតែពង្រឹងគុណភាពសេវាកម្ម អនាម័យ បរិស្ថាន និងរក្សាតម្លៃឱ្យបានសមរម្យ។ មួយវិញទៀតសេវាបន្ទប់ទឹក បរិវេណត្រូវមានអនាម័យដោយសម្អាតជាប្រចាំ។ ចំពោះទីតាំងដែលអតិថិជនបានប៉ះកាន់ សាប៊ូត្រូវតែមានរៀបចំដាក់នូវច្រកចូល ឬចេញបន្ទប់ទឹក និងកន្លែងចាំបាច់ផ្សេងទៀត។

មិនតែប៉ុណ្ណោះត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរនូវរាល់ករណីសង្ស័យដែលមានការពាក់ពន្ធ័ជាមួយជំងឺកូវីដ-១៩ក្រោយការស្កេនឃ្យូអ័រកូដ(QR Code)។ ជាមួយនោះដែររដ្ឋបាលខេត្តក៏បានព្រមានបិទអាជីវកម្ម ឬដាក់ទោសទណ្ឌទៅលើអាជីវកររូបណាដែលមិនបានអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំ៕




