ប្រមុខ WHO និយាយថា ពិភពលោកអាចគ្រប់គ្រងការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ នាប៉ុន្មានខែខាងមុខ…
ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ពិភពលោកអាចគ្រប់គ្រងការឆ្លងរាតត្បាតជាសកលរបស់វីរុសកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប្រសិនបើពិភពលោកចែកចាយធនធានចាំបាច់ដោយយុត្តិធម៌។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា «យើងមានឧបករណ៍ដើម្បីអាចគ្រប់គ្រងការឆ្លងរាតត្បាតនេះក្នុងរយៈពេលប៉ុន្មានខែខាងមុខប្រសិនបើយើងប្រើប្រាស់វាឲ្យបានជាប់លាប់ និងដោយសមធម៌»។
ប៉ុន្តែទោះជាយ៉ាងណា លោកក៏បានសម្តែងការព្រួយបារម្ភចំពោះ «អត្រាឆ្លងខ្លាំង» របស់វីរុសកូវីដ-១៩ នាពេលបច្ចុប្បន្ននេះនៅក្នុងចំណោមអ្នកដែលមានអាយុពី ២៥ទៅ៥៩ឆ្នាំនៅទូទាំងពិភពលោកដែលអាចបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មីៗដែលឆ្លងកាន់តែលឿន។

អ្នកជំនាញកំពូលផ្នែកជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក លោកស្រី ម៉ារៀ វ៉ាន់នេខូវ (Maria van Kerkhove) បានថ្លែងក្នុងសន្និសីទសារព័ត៌មាននេះដែរថា ការកើនឡើងនៃករណីឆ្លងវីរុសកូវីដ-១៩ នាពេលថ្មីៗនេះនៅទូទាំងពិភពលោកក៏បានកើតមានក្នុងចំណោមក្រុមអាយុដែលធ្លាប់រងផលប៉ះពាល់តិចតួចពីការឆ្លងរាតត្បាតរបស់វីរុសនេះកាលពីពេលកម្លងមក។

លោកស្រីបាននិយាយថា «យើងកំពុងមើលឃើញអត្រាកើនឡើងនៃករណីឆ្លងនៅក្នុងគ្រប់ក្រុមអាយុទាំងអស់» និងបានបន្ថែមថា ករណីឆ្លងថ្មីប្រហែល ៥លាន២សែននាក់ត្រូវបានរាយការណ៍កាលពីសប្តាហ៍មុនដែលជាការកើនឡើងប្រចាំសប្តាហ៍ខ្ពស់បំផុតចាប់តាំងពីមានការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ មក»។
មនុស្សសរុបជាង ១៤២លាននាក់បានឆ្លងវីរុសកូវីដ-១៩ នៅទូទាំងពិភពលោកក្នុងនោះមានអ្នកបាត់បង់ជីវិតដោយសារវីរុសនេះជាង ៣លាននាក់រហូតមកដល់ពេលនេះ៕
