ប្រធានសហព័ន្ធកីឡាប៉េតង់ ចាត់ទុកជោគជ័យជើងឯកអាស៊ី នៅថៃ គឺជាសញ្ញាណល្អមួយទៀត ត្រៀមស៊ីហ្គេម ២០២៣
(ភ្នំពេញ)៖ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានចាត់ទុកជោគជ័យ នៃការប្រកួតជើងឯកអាស៊ី លើកទី៤ នៅថៃ កាលពីថ្មីៗ គឺជាសញ្ញាណវិជ្ជមានមួយទៀត សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីប្រធានសហព័ន្ធខាងលើ អញ្ជើញទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមជម្រើសជាតិប៉េតង់កម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកានេះ ក្រោយបញ្ចប់ការប្រកួតជើងឯកអាស៊ី ដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ២ ព្រមទាំងពាន Nation Cup ១ ។
លោកបានសម្ដែងការអបអរសាទរ និងថ្លែងអំណរគុណដល់កីឡាករ-កីឡាការិនី ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ រហូតដណ្ដើមបានមេដាយ និងពានជូនជាតិ ។ លទ្ធផលនេះ មិនមែនដណ្ដើមបានមកដោយស្រួលទេ ព្រោះប្រទេសចូលរួមសុទ្ធតែជាក្រុមខ្លាំងៗ ពិសេសក្រុមម្ចាស់ផ្ទះថៃតែម្ដង ។ លោកបានបង្ហាញនូវមោទនភាព ចំពោះសមិទ្ធផលនេះ ហើយសង្ឃឹមថា ស៊ីហ្គេម ឆ្នាំ២០២៣ ពួកគេនឹងធ្វើបានកាន់តែល្អប្រសើរថែមទៀត ។
លោក សុខ សូកាន បានលើកឡើងថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ពួកគាត់(កីឡាករ-កីឡាការិនីប៉េតង់កម្ពុជា) នឹងអាចរក្សាបាននូវលក្ខណៈសម្បត្តិនេះ ហើយនឹងខិតខំហ្វឹកហាត់បន្ដទៀត នៅស្ដាតរបស់យើង ដើម្បីដុសខាតសមត្ថភាពកាន់តែមុតស្រួចជាងបច្ចុប្បន្ន ហើយចូលរួមប្រកួតនៅស៊ីហ្គេមនាពេលខាងមុខ…។ ខ្ញុំជឿជាក់ថា ស៊ីហ្គេម ឆ្នាំ២០២៣ កីឡាប៉េតង់របស់យើង នឹងទទួលបានមេដាយមាសលើវិញ្ញាសាមួយចំនួនបន្ថែមទៀត» ។
គួរបញ្ជាក់ថា ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ ដែលថៃធ្វើម្ចាស់ផ្ទះ បានដំណើរការប្រកួតពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ដោយមានអត្តពលិកមកពី ១៥ប្រទេសចូលរួម ។ ព្រឹត្តិការណ៍នេះ កម្ពុជាឈ្នះមេដាយមាសច្រើនជាងគេ ពោលគឺក្នុងចំណោម ៦វិញ្ញាសា កម្ពុជាដណ្ដើមបានមេដាយមាស ៣ ខណៈថៃ ដណ្ដើមបានមេដាយមាស ២ និងវៀតណាម ដណ្ដើមបានមេដាយមាស ១ ៕







