អាជ្ញាធររាជធានីភ្នំពេញជ្រើសរើសយកទីតាំង ២កន្លែងធ្វើជាកន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩…
ភ្នំពេញ ៖ ទីតាំងសម្រាប់ហូបការធំៗនិងមានលក្ខណៈទំនើបចំនួនពីរកន្លែងនៅក្នុងខណ្ឌសែនសុខ ដែលមានឈ្មោះ ដឹព្រីមៀរ សែនសុខ និងវិមានពិភពថ្មីសែនសុខ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញជ្រើសរើសយកជាទីតាំង សម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ ដែលមានប្រមាណ២០០០ គ្រែ ខណៈដែលជំងឺនេះបាននិងកំពុងបន្តរីករាលដាលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ដើម្បីជំរុញឲ្យការងារនៃការរៀបចំទីតាំងសម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ទាំង២ទីតាំងខាងលើនេះឲ្យបានលឿន និងសមស្របជាទីតាំងសម្រាប់សំរាកព្យាបាលជម្ងឺ លោកឃួង ស្រេងអភិបាលនៃគណៈរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ខែ មេសានេះ បានដឹកនាំអាជ្ញាធរខណ្ឌសែន សុខ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងនេះជាក់ស្ដែង មុននឹងបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាល។

ទីតាំងទាំង២ខាងលើនេះ មានទីតាំងនៅជិតផ្សារអី អន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះ អាគារវិមានពិភពថ្មីសែនសុខ អាចដាក់គ្រែបានប្រមាណជា៨០០គ្រែនិងអាគារ សំរាប់ហូបការ ដឹព្រីមៀរ ដាក់បានប្រមាណ១២០០គ្រែ ។ សរុបទាំង២ទីតាំងនោះអាចដាក់បានចំនួនប្រមាណ២០០០គ្រែ។

លោកឃួង ស្រេង បានធ្វើការណែនាំទៅ អាជ្ញាធរខណ្ឌសែន សុខ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចេះការពារខ្លួនឯង កុំអោយឆ្លងកូវីដ-១៩ ពោលគឺ នៅពេលដែលក្រុមការងារបញ្ជូនអ្នកជំងឺកូវីដ-១៩ មកកាន់ទីតាំងនេះ សូមរក្សាគម្លាតនិងការពារខ្លួនឲ្យបានម៉ត់ចត់បំផុត ទៅតាមការណែនាំគ្រប់យ៉ាងរបស់ក្រសួងសុខាភិបាល។

ទីតាំងទាំង២ខាងលើនេះ បានរៀបចំគ្រែសម្រាប់អ្នកជម្ងឺរួចរាល់ហើយ ពោលគឺនៅតែក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធបញ្ជូនអ្នកជម្ងឺកូវីដ-១៩មកសម្រាកព្យាបាលតែប៉ុណ្ណោះ៕





