ក្រសួង សម្រេចផ្អាកពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែប សាសនា ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩…

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១, ក្រសួងធម្មការ បានសម្រេចផ្អាកពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
ក្នុងសេចក្តីណែនាំ បានបញ្ជាក់ថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តមិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ទ្រង់ទ្រាយធំ តាមរយៈពិធីសាសនា ការជួបជុំ និងកម្មវិធីជួបជុំផ្សេងៗបែបសាសនា, ក្រសួងធម្មការ និងសាសនា បានណែនាំដល់ថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានាចំណុះទាំងអស់ អនុវត្តនូវ វិធានការបន្ទាន់ដូចខាងក្រោម៖
១-ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំពិធីសាសនា ការជួបជុំ និងកម្មវិធីជួបជុំផ្សេងៗបែបសាសនា។


២-បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការពារ “៣ការពារ និង៣កុំ” ឱ្យបានម៉ឺងម៉ាត់។
៣-ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមឱ្យបានខ្ជាប់ខ្លួនក្នុងចន្លោះយ៉ាងតិច ១,៥ម៉ែត្រ។
៤-ត្រូវពាក់ម៉ាស វាស់កម្ដៅ សម្អាតដៃនឹងសាប៊ូ អាល់កុល ឬជែលជាប្រចាំ។
៥-ករណីមានការសង្ស័យ សូមទាក់ទងបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទំនាក់ទំនងលេខHotline ១១៥។


៦-គណៈសង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំគ្រប់សាសនា ព្រះមេត្តា-មេត្តាសហការផ្តល់ព័ត៌មានពាក់ព័ន្ធជំងឺកូវីដ-១៩ ទៅក្រសួង តាមរយៈមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត។


៧-ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និងមិនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram