មន្ត្រីជំនាញ រកឃើញងៀតបបែលនិងពពុះសណ្តែក មានសារធាតុគីមីហាមឃាត់១៤គីឡូក្រាម នៅផ្សារប្រសូត្រ ខេត្តស្វាយរៀង…

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក ប ប ) ខេត្តស្វាយរៀង ដឹកនាំដោយ លោក ផឹង និល ប្រធានសាខា (ក ប ប) ស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

លោក ផឹង និល បានឲ្យដឹងថា សកម្មភាពការងារត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបាន ប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ក្នុងនោះដែរ មន្ត្រីជំនាញបានចុះតាមឱសថស្ថានដើម្បីស្វែងរកម៉ាស អាល់កុល ជែលលាងដៃក្លែងក្លាយ និងលក់មានតំលៃខ្ពស់កេងយកផលចំណេញហួសហេតុ មិនគិតពីផល ប៉ះពាល់ដល់អ្នកប្រើប្រាស់ផងដែរ។

លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមី ដាក់ក្នុងងៀតបបែលចំនួន ៩គីឡូក្រាម មានសារធាតុគីមី ( Borax ) និងពពុះសណ្តែកចំនួន ៥គីឡូក្រាម មានសារធាតុ ( Borax )។

លោកបានបន្ថែមថា មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram