មហាជនរិះគន់អ្នកកាសែតម្នាក់ថា គ្មានចំណេះដឹង (ល្ងង់) គ្មានវិជ្ជាជីវៈ ធ្វើឲ្យខូចឈ្មោះអ្នកកាសែតដទៃ សូមក្រសួងព័ត៌មាន មានចំណាត់ការផង
ភ្នំពេញ៖ ថ្មីៗនេះមហាជនជាច្រើនមានប្រតិកម្មមិនពេញចិត្តខ្លាំងជាមួយអ្នកសារព័ត៌មានម្នាក់មកពីទំព័រហ្វេសប៊ុកមួយឈ្មោះ CKV បន្ទាប់ពីអ្នកសារព័ត៌មានរូបនោះបាន Live ផ្សាយព័ត៌មានដោយប្រើពាក្យសម្ដី និងកាយវិការច្រងេងច្រងាង មិនដឹងខុសត្រូវ មិនតែប៉ុណ្ណោះថែមទាំងគ្មានចំណេះដឹង និងគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានទៀតផង ។
ក្នុងចំណោមសកម្មភាពផ្សាយព័ត៌មានទាំងអស់ របស់អ្នកសារព័ត៌មានខាងលើ មានសកម្មភាពមួយដែលធ្វើឲ្យមហាជនប្រតិកម្មមិនពេញចិត្តខ្លាំងជាងគេ នោះគឺសកម្មភាពតាមឃាត់រថយន្តដឹកជ្រូកមួយគ្រឿង ទាំងមិនដឹងថា ខ្លួនឯងជាអ្នកណា ខណៈដែលអ្នកកាសែតមានសិទ្ធត្រឹមតែជាអ្នកថតផ្សាយព័ត៌មានជូនមហាជនតែប៉ុណ្ណោះ ហើយអ្វីដែលកាន់តែហួសចិត្តទៅទៀតនោះ គឺគាត់មិនដឹងថា ហេតុអ្វីបានជារថយន្តធុនធំដែលមានតម្ពក់សន្ដោង មានស្លាកលេខមុខ ក្រោយខុសគ្នា និងយល់ថាជារឿងខុសច្បាប់ទៀតផង ។
ទាក់ទងនឹងនេះមានមហាជនជាច្រើនដែលបានឃើញសកម្មភាពផ្សាយព័ត៌មានរបស់អ្នកកាសែតខាងលើ បានអំពាវនាវឲ្យក្រសួងសារព័ត៌មានមេត្តាជួយអន្តរាគមន៍ ដើម្បីកុំឲ្យអ្នកកាសែតម្នាក់នេះដើរបំពុល ធ្វើឲ្យខូចឈ្មោះអ្នកកាសែតដទៃ ដែលគេធ្វើការប្រកបដោយក្រមសីលធម៌ និងមានវិជ្ជាជីវៈ ។
បើយោងតាមប្រសាសន៍របស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលបានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ បានឲ្យដឹងយ៉ាងដូច្នេះថា ចំពោះអ្នកសារព័ត៌មាន Online សូមចូលរួមគោរពទៅតាមវិជ្ជាជីវៈព័ត៌មានឲ្យបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានដាក់សារដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌មានថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំភ្លៃការពិត» ៕




