តារាកំប្លែងនាង ឃ្មឹប ទើបចេញពីមណ្ឌលកែប្រែ ដើរឡើងស្ពានជ្រោយចង្វាចាស់ ប៉ង់លោតទឹកសម្លាប់ខ្លួន…

រាជធានីភ្នំពេញ ៖ តារាកំប្លែងជើងចាស់នាងឃ្មឹប ខូចចិត្តនឹងមានវិបត្តិផ្លូវចិត្តគិតអីមិនចេញ សម្រេចចិត្តដើរឡើងស្ពានជ្រោយចង្វាចាស់ ប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេច តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ទាន់ នៅវេលាពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។


ប្រភពព័ត៌មានពីអ្នកធ្វើដំណើរតាមបណ្តោយផ្លូវលើស្ពានជ្រោយចង្វា សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុនេះ គឺគាត់បានឃើញស្ត្រីដែលគេធ្លាប់ស្គាល់ថា ជាអតីតតារាកំប្លែងជើងចាស់ គឺអ្នកនាងឃ្មឹប បានដើរឡើងស្ពានទាំងទឹកភ្នែក រួចហើយបានពាក់កណ្តាលស្ពាន ស្រាប់តែឈរយំមួយសន្ទុះ រួចក៏តោងបង្កាន់ដៃស្ពាន បម្រុងនឹងលោតចុះចូលក្នុងទឹកទន្លេ ចៃដន្យអីត្រូវគេតាមទាន់រត់ចូលទៅចាប់ទាញចុះមកក្រោមវិញ។


ពេលដែលសួរនាំទៅអ្នកនាងឃ្មឹប បានរៀបរាប់ទាំងទឹកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់ អើពើនឹងជួយសុខទុក្ខនោះទេ សូម្បីតែទៅជួលផ្ទះគេក៏គេមិនជួលឲ្យដែរ មិនដឹងថា ស្នាក់នៅទីកន្លែងណានឹងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតតែម្តងទៅ។ ជាចុងក្រោយអ្នកនាងឃ្មឹប គ្រាន់តែចង់ឲ្យមានគេហៅទៅសម្តែងនឹងច្រៀងតាមភោជនីយដ្ឋានតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram