យុវជនម្នាក់ តូចចិត្តនឹងវាសនាខ្លាំងពេក លោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សថ្មី តែមិនស្លាប់ !!!

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយបុរសម្នាក់ តូចចិត្តវាសនា ជួបការលំបាកខ្លាំងពេក ការងារក៏គ្មាន ផ្ទះសម្បែងក៏អត់ តែលតោលគិតអីមិនចេញ ដើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សថ្មី លិចបាត់ហើយក៏អណ្តែតផុសឡើងមកវិញ ទើនៅកន្លែងធ្វើឧប័រ ត្រូវបានក្រុមកម្មករជួយស្រង់ ដឹកតាមឧប័រមកគល់ស្ពានវិញ ប្រគល់ឲ្យសមត្ថកិច្ចសាកសួរបន្ត ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១ និង៤៥នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្ពានព្រះមុន្នីវង្សថ្មី សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមការសាកសួរ បានឲ្យដឹងថា បុរសខាងលើនេះមានឈ្មោះ សៅ រតនា ភេទប្រុស អាយុ២៤ឆ្នាំ សព្វថ្ងៃគ្មានផ្ទះសម្បែងនោះទេរស់នៅតាមគំនរសំរាម ដោយកាលពីមុនគាត់ និងបងប្អូន៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ រស់នៅក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែក្រោយឪពុកម្តាយស្លាប់អស់ បងប្អូនក៏លក់ផ្ទះ បែកបាក់គ្នា ក៏ទៅរស់នៅគំនរសំរាម ការងារក៏អត់ រហូតគាត់មានបញ្ហាផ្លូវចិត្ត គិតអីក៏លែងចេញ បានដើរមកធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សថ្មី លិចបាត់ហើយក៏អណ្តែតផុសឡើងមកវិញ ទើបនៅកន្លែងធ្វើឧប័រ ត្រូវបានក្រុមកម្មករឃើញ ប្រញាប់ជួយស្រង់ជនរងគ្រោះ និងរាយការណ៍ជូនសមត្ថកិច្ចដែលឈរជើងនៅគល់ស្ពាន ដោយបានដឹកតាមឧប័រមកគល់ស្ពានវិញ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ សាកសួរបន្ត និងហៅសាច់ញាតិឲ្យមកទទួលជនរងគ្រោះយកទៅវិញ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram