អាជ្ញាធរមីន ស្នើរដ្ឋាភិបាលអូស្ត្រាលី បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីន រហូតដល់កម្ទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សា ការងារជាមួយ លោកស្រី Kathryn Campbell រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ស្តីពីភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធ នឹងវិស័យសកម្មភាពមីន។ ជំនួបនេះ ធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជួយគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ និងក្រោយមកបានចូលរួមគាំទ្រដល់គម្រោងបោសសម្អាតមីនចាប់តាំងពីឆ្នាំ២០០៦ ដោយផ្តល់ដីមានសុវត្ថិភាព និងបានជួយសង្រ្គោះដល់អាយុជីវិតបានរាប់លាននាក់ឲ្យរួចផុតពីគ្រោះថ្នាក់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកអំពី សមិទ្ធផលរយ:ពេល ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩២ នៃការចាប់ផ្តើមកម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមរបស់ប្រទេសម្ចាស់ និងដៃគូអភិវឌ្ឍ ក្នុងនោះប្រទេសអូស្រ្តាលី គឺជាដៃគូដ៏លេចធ្លោ និងរឹងមាំសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។
លោកបន្តទៀតថា ជាមួយនឹងសមិទ្ធផលទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ដោយកំណត់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ លោកបន្តទៀតថា ដើម្បី សម្រេចគោលដៅនេះ កម្ពុជាត្រូវការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ១៦០គីឡូម៉ែត្រក្រឡា ក្នុងមួយឆ្នាំ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា អាចមានលទ្ធភាពបោសសម្អាតបានត្រឹមតែពី ៩០-១០០គីឡូម៉ែត្រក្រឡា ប៉ុណ្ណោះ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាល អូស្ត្រាលី បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីនរហូតដល់កម្ទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា ទោះបីកម្ពុជាមិនបានសម្រេចគោលដៅឆ្នាំ២០២៥ ក៏ដោយ។
លោកស្រី Kathryn Campbell បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបាននៃការងារបោសសម្អាតមីននៅកម្ពុជា ហើយលោកស្រីនឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំងពាំនាំសំណើសុំ និងលទ្ធផលនៃកិច្ចប្រជុំជម្រាបប្រាប់រដ្ឋាភិបាលអូស្រ្តាលី ផងដែរ៕











