គិតខុសមួយពេលនាំឲ្យមានវិប្បដិសារីអស់មួយជីវិត!!! ព្រោះរឿងស្នេហាត្រីកោណ បុរសម្នាក់ចាក់សម្លាប់នារីម្នាក់ជាច្រើនកាំបិត នៅក្រុងតាខ្មៅ …
(ខេត្ដកណ្តាល) ៖ បុរសម្នាក់ចាក់សម្លាប់នារីម្នាក់ជាច្រើនកាំបិតបណ្តាលអោយស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោច អាធ័ម ដោយសារតែស្នេហាត្រីកោណ ។ ទោះបីយ៉ាងណា ក្រោយប្រព្រឹត្តបទ ល្មើសរួច ឃាតករបានចូលសារភាពដោយខ្លួនឯង ។

អំពើឃាតកម្មនេះបានកើតឡើងកាល ពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ ១១៥ កែង ១១៧ ភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងប្រាប់ថា អំពើឃាតកម្មនេះ គឺ កើតឡើងពីរឿងស្នេហាត្រីកោណ ខណៈឃាតករបានស្រលាញ់គ្នាជាមួយនារីរងគ្រោះ ។ ប៉ុន្តែ នារីរងគ្រោះ បែរជាមានស្នេហាមួយទៀត ទើបឃាតករប្រព្រឹត្តបទល្មើសចាក់សម្លាប់នារីរងគ្រោះ តែម្តង ។

លោកបានបន្ដថា ឃាតករមានឈ្មោះសុខ សោភ័ណ្ឌ អាយុ៣៨ឆ្នាំ ចំណែក នារីរងគ្រោះ មានឈ្មោះ កៅ ស្រីកែវ អាយុ២៦ឆ្នាំ ។

ក្រោយពីកើតហេតុរួច ឃាតករបានចូលទៅសារភាពនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែដោយសារករណីនេះ កើតឡើងនៅក្រុងតាខ្មៅ ទើបសមត្ថកិច្ចកំពុងសាកសួរ បន្តតាមនីតិវិធី ។

នារីរងគ្រោះ ត្រូវបានឃាតករចាក់សម្លាប់ចំនួន៣កន្លែង គឺ ចំពីមុខ១កាំបិតនិងក្រោយខ្នង២កាំបិត បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ៕ ប្រភពសារព័ត៌មានអង្គរតូច
