លោកស័ក្ដិ៤កន្លះទំនើងម្នាក់ ទាស់សម្ដីជាមួយស្រីក្មេង ដកកាំភ្លើងបាញ់ផ្អើលរោងបុណ្យ….
ខេត្តព្រះសីហនុ៖ មន្រ្ដីយោធាពាក់ស័ក្ដិ៤កន្លះទំនើងម្នាក់ ទាស់ពាក្យសម្ដីគ្នាជាមួយនឹងស្រីក្មេង ស្រាប់តែទាញកាំភ្លើងខ្លីបាញ់ ផ្អើលរោងបុណ្យ ហើយបើករថយន្ដរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅមុខផ្ទះធ្វើបុណ្យ០៧ថ្ងៃ ស្ថិតក្នុងភូមិព្រៃនប់២ ឃុំព្រៃ នប់ ស្រុកព្រៃនប់។

លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅយប់កើតហេតុនោះ ពិតជាមានករណីបាញ់គំរាមប្រាកដមែន។ ជនសង្ស័យ ឈ្មោះ ភិន សៅសាយ័ណ្ហ មានមុខរបរជាមន្ត្រីយោធា ពាក់ស័ក្ដិ៤កន្លះ មានទីលំនៅក្នុងរាជធានីភ្នំពេញ។ ជននេះបានប្រើអាវុធខ្លី (មិនស្គាល់ម៉ាក) បាញ់ឡើងលើចំនួន២គ្រាប់ គំរាមស្រីក្មេងម្នាក់ ឈ្មោះ ចៅ វន្នី អាយុ ២៥ឆ្នាំ មានលំនៅក្នុងកន្លែងកើតហេតុ។

លោកអធិការនគរបាលស្រុកព្រៃនប់ បានបន្ថែមថា ក្រោយពេលបង្កហេតុរួចហើយ ជនសង័្សយបានបើករថយន្ត ម៉ាក វីហ្គោ ពណ៌.ស ពាក់ស្លាលេខរដ្ឋ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ហើយនៅពេលនេះ មន្រ្ដីជំនាញ នឹងសហការគ្នាស្រាវជ្រាវស្វែងរកជនដៃដល់ខាងលើនេះ។
ទោះជាយ៉ាងណា លោកអធិការនគរបាលស្រុកព្រៃនប់ មិនបានបញ្ជាក់អំពីជម្លោះ រវាងលោកស័ក្ដិ៤យោធាទំនើងបាញ់បោះសេរី និងស្រីក្មេងនោះទេ។ ប៉ុន្ដែបើតាមអ្នកភូមិកើតហេតុថា មានឋាន:គ្រាន់បើដែរ តែអន់ចរិត ទៅចូលរួមពិធីបុណ្យ បែរជាទៅបាញ់គំរាមកំហែង ធ្វើឲ្យពលរដ្ឋភ័យទៅវិញ៕



