ខ្សែប្រយុទ្ធ Lazio កីឡាករ Immobile រងរបួសសរសៃពួរកែងជើង
(រ៉ូម)៖ កីឡាករ Ciro Immobile ដែលរកគ្រាប់បាល់បានច្រើនជាងគេរួមគ្នា នៅលីគកំពូលអ៉ីតាលី Serie A បានរងរបួសកម្រិតមធ្យម ចំពោះសរសៃពួរកែងជើងខាងឆ្វេងរបស់លោក។ នេះបើតាមក្លិប Lazio បានឲ្យដឹងបន្ទាប់ពីកីឡាករលំដាប់អន្តរជាតិអ៉ីតាលីរូបនេះ បានទទួលការធ្វើតេស្ត។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
Lazio មិនបានបញ្ជាក់ពីពេលវេលានៃការជាសះស្បើយរបស់លោកនោះទេ ប៉ុន្តែសារព័ត៌មានក្នុងស្រុក Gazetta dello Sport បានរាយការណ៍ថា Immobile នឹងអវត្តមានពីការប្រកួតរហូតដល់ខែមករា ឆ្នាំ២០២៣។
ក្លិប Lazio ដែលកំពុងស្ថិតនៅលំដាប់ទី៥ ក្នុងតារាងលីគ Serie A ដោយមាន ២១ពិន្ទុពី ១០ប្រកួតនោះ គ្រោងនឹងលេង ៥ប្រកួតក្នុងលីគមុនខែមករាមកដល់។
Immobile វ័យ ៣២ឆ្នាំ ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរួមគ្នានៅលីគកំពូលអ៉ីតាលីក្នុងរដូវកាលនេះ ជាមួយនឹងកីឡាករ Marko Arnautovic របស់ក្លិប Bologna និងខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លិប Juventus ជាមួយនឹងការស៊ុតបញ្ចូលទីបាន ៦គ្រាប់៕




