បញ្ជីឈ្មោះក្រុមបាល់ទាត់បឋម សម្រាប់ព្រឹត្តិការណ៍ World Cup នឹងត្រូវសម្រេចនៅត្រឹមថ្ងៃសុក្រ
(ដូហា)៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិនីមួយៗ សម្រាប់ព្រឹត្តិការណ៍ World Cup ត្រូវតែបញ្ជូនឈ្មោះកីឡាករដែលបានជ្រើសរើសជាបឋម សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍មួយនេះ នៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ខណៈពួកគេបានចាប់ផ្តើមដំណើរការបញ្ចប់ក្រុមរបស់ពួកគេ សម្រាប់ការប្រកួតវគ្គចុងក្រោយនៅប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
ប្រទេសចូលរួមទាំង ៣២នីមួយៗ ត្រូវតែបញ្ជូនបញ្ជីឈ្មោះកីឡាករយ៉ាងតិច ៣៥នាក់រហូតដល់ ៥៥នាក់នៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ជាជំហានដំបូង នៅក្នុងដំណើរការជ្រើសរើស។
ក្រុមគ្រូបង្វឹក ក្រោយមកមានពេលវេលារហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីសម្រេចលើបញ្ជីឈ្មោះចុងក្រោយរបស់ពួកគេនៃកីឡាករ ២៦រូប។ FIFA នឹងចេញផ្សាយនូវបញ្ជីឈ្មោះក្រុមទាំងអស់នៅថ្ងៃបន្ទាប់ផងដែរ។
ក្រុមចុងក្រោយត្រូវតែជ្រើសរើសចេញពីបញ្ជីបឋមដោយមិនអនុញ្ញាតឲ្យមានការផ្លាស់ប្តូរយឺតយ៉ាវណាមួយនោះទេ ក្នុងអំឡុងពេល ៣សប្តាហ៍បន្ទាប់។ នេះបើតាមច្បាប់ និងបទប្បញ្ញត្តិកំណត់របស់ FIFA។
ចំនួនកីឡាករក្នុងក្រុមសម្រាប់ការប្រកួតនៅវគ្គចុងក្រោយនៃព្រឹត្តិការណ៍ World Cup ត្រូវបានបង្កើន ៣នាក់ ពី២៣នាក់ ទៅ២៦នាក់សម្រាប់ព្រឹត្តិការណ៍ប្រកួត នៅកាតាលើកនេះ។
FIFA បានលើកឡើងកាលពីខែមិថុនាថា ការសម្រេចបន្ថែមកីឡាករនេះត្រូវបានធ្វើឡើង ដោយសារតែតម្រូវការ ដើម្បីរក្សាភាពបត់បែនបន្ថែម ក្នុងពេលវេលាពិសេសនៃការប្រកួតក្នុងឆ្នាំនេះ ដែលនឹងរំខានដល់រដូវកាលប្រកួតរបស់ក្លិបនៅអឺរ៉ុប។
សូមជម្រាបថា World Cup នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំនេះ៕




