ក្រុមផលិតករហូលីវូដ សរសើរ Tom Cruise មិនដាច់ពីមាត់ ព្រោះធ្វើឲ្យវិស័យភាពយន្តរស់ឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត…

(បរទេស)៖ ផលិតករហូលីវូដបានធ្វើការអបអរសាទរលើកទឹកចិត្ត ដល់កំពូលតារាហូលីវូដ Tom Cruise និងផ្តល់កិត្តិយសខ្សែភាពយន្តកំពូល «Everything Everywhere All At Once» ក្នុងពិធីប្រគល់ពានរង្វាន់ដ៏សំខាន់មួយ មុនពេលកម្មវិធី Oscar នឹងត្រូវធ្វើឡើងនាខែក្រោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមផលិតករភាពយន្តអាមេរិក បានផ្តល់កិត្តិយសដល់ Cruise ជាមួយនឹងពានរង្វាន់សមិទ្ធផលពេញមួយជីវិត ហើយវាគ្មិនជាច្រើនបានថ្លែងអំណរគុណដល់តារាសម្តែងរូបនេះ សម្រាប់ការជំរុញវិស័យឧស្សាហកម្មភាពយន្តដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត និងបានស្តារវិស័យភាពយន្តឡើងវិញតាមរយៈរឿង «Top Gun: Maverick» កាលពីរដូវក្តៅមុន។
លោកស្រី Sherry Lansing អតីតនាយកប្រតិបត្តិនៃ Paramount Pictures បាននិយាយ «Tom Cruise បានបង្ហាញយើងទាំងអស់គ្នាថាការថតកុនបានត្រឡប់មកវិញហើយ»។

នៅពេលដែលលោកបានទទួលយកពានរង្វាន់, Cruise បានសាទរចំពោះការងារទូរទស្សន៍ និងផលិតករភាពយន្ត ដោយលោកបាននិយាយថា «ខ្ញុំដឹងពីអ្វីដែលវាត្រូវការដើម្បីធ្វើអ្វីដែលអ្នកធ្វើ។ វាមិនមែនគ្រាន់តែជាសំណាងនោះទេ អ្នកត្រូវតែបង្កើតសំណាងនោះ អ្នកត្រូវតែមានវា ហើយខ្ញុំចង់ឱ្យអ្នកដឹងថា ខ្ញុំតែងតែនៅទីនេះដើម្បីអ្នក»។
កំពូលតារាហូលីវូដរូបនេះបានបន្តថា «ខ្ញុំនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីចូលរួមចំណែក និងជួយដល់វិស័យនេះ និងទម្រង់សិល្បៈដែលខ្ញុំស្រឡាញ់»៕

