ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាជាតិស្ដីពីទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ នៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង…

(កំពង់ឆ្នាំង)៖ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចូលរួមសម្អាតបរិស្ថាន និងធ្វើអនាម័យនៅតំបន់ទេសចរណ៍មាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង ដើម្បីអបអរសាទរក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្តៅ។
កិច្ចការនេះមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការនៃមន្ទីរ អង្គភាពជុំវិញខេត្ត សិស្សានុសិស្ស យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋ សរុបប្រមាណជាង២០០នាក់។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាតតែងតែរៀបចំ និងចេញសេចក្តីណែនាំជូនដល់រដ្ឋបាលរាជធានីខេត្ត ដើម្បីឲ្យសហការរៀបចំប្រារព្ធទិវាបញ្ជ្រាបការយល់ដឹង និងធ្វើសកម្មភាពជាក់ស្ដែង សម្អាតទីក្រុងជារៀងរាល់ឆ្នាំ ដើម្បីចូលរួមអបអរសាទរទិវាទីក្រុងស្អាត។ ដោយឡែក ទិវាទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣នេះ គឺក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ កម្ពុជាជាម្ចាស់ផ្ទះផ្ដល់ភាពកក់ក្តៅ ក្នុងន័យនេះមានន័យថា កាលណាទីក្រុងរបស់យើងស្អាត យើងក៏ទទួលភ្ញៀវទេសចរណ៍បានច្រើន កាលណាមានភ្ញៀវទេសចរ ត្រូវតែមានការបដិសណ្ឋារកិច្ច និងផ្ដល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ទាំងអស់នោះ ស្របពេលរយៈពេលដែលប្រទេសកម្ពុជាយើងនៅសល់តែ៩១ថ្ងៃទៀតទេ កម្ពុជារបស់យើងនិងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៉ីហ្គេម និងប៉ារ៉ាហ្គេម នៅក្នុងពហុកីឡដ្ឋានមរតកតេជោ។

ដើម្បីអបអរសាទរទិវាជាតិលើកទី១១ឆ្នាំ២០២៣ និងដើម្បីសម្អាតទីក្រុងផ្ដល់ភាពកក់ក្តៅដល់ភ្ញៀវជាតិនិងអន្តរជាតិ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តបានចាត់ឱ្យមន្ទីរទេសចរណ៍ខេត្ត សហការជាមួយរដ្ឋបាលក្រុងរៀបចំទិវាជាតិខាងលើនេះ ដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទាំងអស់ឱ្យមានការយល់ដឹង និងចេះស្រឡាញ់នូវបរិស្ថានល្អ អនាម័យល្អ ដោយធ្វើសកម្មភាពបោសសម្អាតទីក្រុងជាក់ស្ដែង និងប្រមូលកម្លាំងឲ្យអស់លទ្ធភាព ក្នុងការមកចូល រួមធ្វើការងារសំអាតបរិស្ថាន និងអនាម័យខាងលើនេះ។
ក្នុងឱកាសនោះដែរ សិស្សានុសិស្ស ក្រុមយុវជន ស.ស.យ.ក ខេត្តកំពង់ឆ្នាំង ក៏បានមានចំណាប់អារម្មណ៍ និងសម្ដែងមតិផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងភ្ញៀវទេសចរ សូមមេត្តាចូលរួមថែរក្សាអនាម័យ និងបរិស្ថាននៅតាមទីសាធារណៈ និងនៅតាមតំបន់ទេសចរណ៍នានា ដោយត្រូវវិចខ្ចប់កាកសំណល់ដាក់ចូលក្នុងធុងសំរាមជៀសវាងការបោះចោលពាសវាលពាសកាលដែលធ្វើឱ្យបាត់បង់នូវសោភ័ណភាព និងភាពទាក់ទាញអំពីភ្ញៀវទេសចរណ៍ទាំងឡាយដែលបានអញ្ជើញមកលេងកម្សាន្តនៅក្នុងទីក្រុងរបស់យើង និងដើម្បីប្រកួតប្រជែងទីក្រុងស្អាតរបស់យើងផងដែរ។

ដោយឡែក លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង លោកបានដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ស.ស.យ.ក មកចូលរួមក្នុងទិវាជាតិ សម្អាតបរិស្ថានលើកទី១១ខាងលើនេះ លោកក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការចូលរួមសម្អាតបរិស្ថានក្នុងទិវាជាតិលើកទី១១នេះ គឺដើម្បីជាការបញ្ជ្រាបដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យចូលរួមសម្អាតទីក្រុង ពិសេសការគ្រប់គ្រងនៅសំណល់រឹង ក៏ដូចជាការទុកដាក់នៅសំរាម ឬការភ្ជាប់នូវសេវាដឹកសំរាម ដើម្បីផ្ដល់ការយល់ដឹងនេះឲ្យដល់ប្រជាពលរដ្ឋផ្សេងទៀត រីឯសកម្មភាពនេះគឺមិនមែនធ្វើតែមួយថ្ងៃនេះទេគឺរដ្ឋបាលក្រុងកំពង់ឆ្នាំងកន្លងមកបានធ្វើជាបន្តបន្ទាប់ និងបន្តធ្វើទៅថ្ងៃខាងមុខទៀតជារៀងរហូត។

លោកបន្តថា ចំណែកថ្ងៃនេះ គឺជាសកម្មភាពប្រមូលផ្ដុំកម្លាំងធំ ដែលបានប្រមូលមកពីតាមមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស រួមទាំងយុវជន ស. ស.យ.ក ដើម្បីធ្វើសកម្មភាព ជាក់ស្ដែងដែលជាការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ ដើម្បីចូលរួមថែរក្សាបរិស្ថានអនាម័យទីក្រុងរបស់យើង ធ្វើយ៉ាងណាឱ្យទីក្រុងរបស់យើងស្អាតជានិច្ច និងជារៀងរហូតប្រកបដោយផាសុខភាព និងការរស់នៅទទួលបានសុខភាពល្អទាំងអស់គ្នា៕
