ឧត្តមមន្រ្តីទេសចរណ៍កម្ពុជា-ចិន ឯកភាពគ្នារៀបចំផែនការសកម្មភាព ជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ…

(យុក្យាការតា)៖ ឆ្លៀតឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន២០២៣ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញក្រសួងទេសចរណ៍ ក្រសួងការបទេសនិងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួបប្រជុំទ្វេភាគីជាមួយ លោក Shi Zeyi អគ្គនាយកក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងគណៈប្រតិភូ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី

លោក ថោង រដ្ឋសក្តិ បានរលឹកថា កម្ពុជានិងចិនមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងស្អិតល្មួតជាប្រវត្តិសាស្រ្ត ដែលរហូតមកដល់ពេលនេះគឺជាមិត្តដែកថែប។ មិត្តចិនតែងតែជួយដល់ការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទេសចរណ៍ ដោយបានជំរុញគាំទ្រដល់ការកសាងសម្បទារទេសចរណ៍មានដូចជា ការសាងសង់អាកាសយានដ្ឋានសៀមរាបថ្មី កីឡាដ្ឋានមរតកតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។

លោក Shi Zeyi បានកោតសរសើរដល់កម្ពុជា ដែលតែងតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសការយកចិត្តទុកដាក់ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា។
ដោយមើលឃើញពីសក្តានុពល និងពេលវេលាសមស្របក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឡើង អំឡុងពេលដែលប្រទេសចិនបើកប្រទេសឡើងវិញនៅពេលនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការរៀបចំផែនការសកម្មភាព ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរដូចខាងក្រោម៖

- គិតគូររៀបចំកម្មវិធីសម្តែងសិល្បៈរួម ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដល់ពលរដ្ឋប្រទេសទាំងពីរបន្ថែមទៀត ក៏ដូចជាចូលរួមអបអរសាទរខួបគម្រប់៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។
- ជំរុញជើងហោះត្រង់បន្ថែមទៀតពីគោលដៅទីផ្សារចិនមកកាន់អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា និងពីកម្ពុជាទៅចិន។
- រៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Fam-Trip) សម្រាប់ផ្នែកឯកជន និងសារព័ត៌មានទៅកាន់ប្រទេសទាំងពីរ។
- ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។
- គាំទ្រដល់ការអនុវត្តសៀវភៅសស្តីពី China Ready ទេសចរណ៍កម្ពុជា និងការបង្កើតមជ្ឈមណ្ឌលទ្រទ្រង់ China Ready។
- ជំរុញការរៀបចំវេទិកាធុរកិច្ចទេសចរណ៍ក្នុងប្រទេសទាំងពីរ។
ភាគីទាំងពីរព្រមព្រៀងរៀបចំផែនការសកម្មភាពលម្អិតនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រួមកម្ពុជា-ចិន ឆ្នាំ២០២៣-២០២៨ ដែលនឹងចុះហត្ថលេខាដោយថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសទាំងពីរនៅពេលណាមួយសមស្របនៅក្នុងប្រទេសកម្ពុជា ឬប្រទេសចិន ឬអំឡុងព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិណាមួយដែលភាគីពីរ ស្របតាមអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦
