ប្រើកាំភ្លើងបាញ់សត្វត្រូវក្មេងប្រុសម្នាក់បណ្ដាលឱ្យ .ស្លា .ប់…
ភ្នំពេញ៖ មានជនសង្ស័យចំនួន ២នាក់បានប្រើប្រាស់កាំភ្លើងបាញ់សត្វ ដែលសង្ស័យបាញ់ត្រូវក្មេងប្រុសម្នាក់បណ្ដាលឱ្យ. ស្លា. ប់. ភ្លាមៗនៅនិងកន្លែង ខណៈពួកគេមានគ្នាចំនួន ៤នាក់ កំពុងនាំគ្នាលេងនៅក្នុងទីវាលមួយកន្លែង នៅខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥:៣០នាទី ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសចំនួន ៤នាក់ កំពុងនាំគ្នាលេងក្នុងទីវាលមួយកន្លែង ខណៈនោះគេបានឭស្នូរកាំភ្លើងមួយគ្រាប់ ហើយស្រាប់តែឃើញក្មេងប្រុសម្នាក់បានដួល. ស្លា .ប់ .នៅនិងកន្លែងកើតហេតុបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង ហើយខណៈនោះដែរគេក៏បានឭស្នូរកាំភ្លើងចំនួន ៣គ្រាប់ផ្ទួនៗ បន្ថែមទៀត។ ពេលនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញបុរសពីរនាក់ជិះរថយន្តដើរបាញ់សត្វ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសទាំង ២នាក់នោះ ជិះរថយន្តមួយគ្រឿង ម៉ាក REXTRON ពណ៍ស ពាក់ស្លាកលេខ ខ.ម-0282 រកឃើញកាំភ្លើងបាញ់សត្វ(ខ្យល់)មួយដើម និងសត្វលលកងាប់មួយក្បាលផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ក្នុងករណីនោះត្រូវបានសមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរ និងពិនិត្យទៅលើក្បាលគ្រាប់កាំភ្លើងដែលជនសង្ស័យប្រើប្រាស់។ ជនសង្ស័យ និងជនរងគ្រោះគេមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ៕




