ខេត្តបន្ទាយមានជ័យ អបអរសាទរខួបលើកទី១១០ ទិវានារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ«ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩»…
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអបអរសាទរថ្ងៃទិវានារីអន្តរជាតិ ៨មីនា ដែលជាខួបលើកទី១១០ ឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី «ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ខណៈជារៀងរាល់ឆ្នាំយុទ្ធនាការទិវាអន្តរជាតិនារី៨មីនា ដើម្បីរម្លឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព អំពីសមិទ្ធិផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានានៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។
ប៉ុន្តែស្របពេលដែលពិភពលោកបាននិងកំពុងទទួលរងនូវការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក អ៊ុ រាត្រី បានលើកឡើងថា ក្នុងស្មារតីនេះដើម្បីអបអរសាទរខួបលើកទី ១១០ ទិវានារីអន្តរជាតិ ៨មីនា ក្នុងគោលបំណងរំលេចពីការចូលរួមចំណែកដ៏ធំធេងរបស់ស្ត្រី ក្នុងកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកស្ត្រីគឺ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសសុខសន្តិភាព ដែលកម្ពុជារកបានយ៉ាងលំបាកក្នុងរយៈពេលកន្លងមក ហើយនេះក៏ជាការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។

ក្នុងនោះរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ-១៩ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដោយផ្តោតលើអភិក្រម៣គឺ ទី១. យុទ្ធសាស្រ្តស្តារដើម្បីរស់ ដោយជំរុញលើការងើបឡើងវិញនូវសេដ្ឋកិច្ច និងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទៀតផង។ ទី២. ការកែទម្រង់ ដោយធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនៃការវិនិយោគ និងធុរកិច្ច ជំរុញការអភិវឌ្ឍឌីជីថលរូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីប្រែក្លាយវិបត្តិកូវីដ-១៩ ឱ្យទៅជាឱកាស និងទី៣. ការកសាងធនធានប្រកបដោយចីរភាព និងបរិយាប័ន តាមរយៈការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន ការបង្កើតនូវប្រភពធនធានមនុស្ស និងហិរញ្ញវត្ថុ ពង្រឹងភាពប្រកួតប្រជែង ការកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុកឱ្យរឹងមាំ៕





