រដ្ឋបាលខេត្តព្រៃវែង ចាត់ឱ្យអាជ្ញាធរស្វែងរកអ្នកពាក់ព័ន្ធនឹង មន្ទីរសម្រាកព្យាបាលនិងសម្ភពអ៊ីម សុភី នៅអ្នកលឿង…
ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសដល់អ្នកពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ីម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង ឱ្យបានជ្រាបថា ឈ្មោះ អ៊ីម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៊ីមសុភី គឺមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្ន គាត់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តបានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធ រួមមាន៖
១- មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍
២- អ្នកដែលបានមកសម្រាក និងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភពអ៊ីម សុភី
៣- ក្រុមគ្រួសារ ប្រពន្ធ កូន និងអ្នករស់នៅជាមួយឈ្មោះ អ៊ីម សុភី
៤- អ្នកដែលមានការពាក់ព័ន្ធផ្សេងៗទៀត
រដ្ឋបាលខេត្តព្រៃវែង អំពាវនាវដល់ ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព នេះ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សូមសហការ ជាមួយសមត្ថកិច្ច និងមន្ទីរជំនាញ ដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុក ពាមរក៍ ខេត្តព្រៃវែង។

រដ្ឋបាលខេត្តបន្តថា បងប្អូនដែលមិនស្ថិតនៅក្នុងព្រឹត្តិការណ៍ខាងលើ ប្រសិនបើមានរោគសញ្ញាដូចជា៖ ផ្តាសាយ ក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់ក ឬមានរោគសញ្ញាស្រដៀង ត្រូវអញ្ជើញទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕


