សម្តេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូសទៀត នឹងមកដល់កម្ពុជា ថ្ងៃទី១១ មកដល់៥០ម៉ឺនដូស និងថ្ងៃទី១៥ ខែឧសភា មកដល់៥០ម៉ឺនដូស…

(ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន ចំនួន១លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា ដោយថ្ងៃទី១១ នឹងមកដល់ចំនួន៥០ម៉ឺនដូស និងថ្ងៃទី១៥ ខែឧសភា នឹងមកដល់ចំនួន៥០ម៉ឺនដូសទៀត។


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមសារសំឡេងមួយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះថា៖ «ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហមមិនខ្វះទេ ថ្ងៃទី១១ នឹងមកដល់៥០ម៉ឺនដូស ហើយថ្ងៃទី១៥ មកដល់៥ម៉ឺនដូសទៀត គឺយើងមាន១លានដូសនៅក្នុងដៃ»។


សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ។ ដោយសម្តេចបានបញ្ជាក់ថា វ៉ាក់សាំងមិនមានការខ្វះខាតនោះទេ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជា ឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់ក្រហម ទាំងអស់ជាង៥២ ម៉ឹននាក់ ដោយចាក់ដូសទី១ ឱ្យអស់រួចហើយ ចាំចាប់ផ្តើមបន្តចាក់វ៉ាក់សាំងដូសទី២។


សម្តេចតេជោ បានចាត់ទុកថា តំបន់ក្រហមជាតំបន់មានហានិភ័យខ្ពស់ ហើយប្រជាពលរដ្ឋត្រូវបានខ្ទប់នៅទីនោះ ក៏លំបាកណាស់ទៅហើយ។ «យើងត្រូវឱ្យពួកគាត់ទទួលបានផលប្រយោជន៍មុនគេ»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram