រថយន្ត Lexus 300 ប្រលះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់រថយន្តទៅមុខលែងរួច !!!
ភ្នំពេញ ៖ រថយន្ត Lexus rx300 មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់រថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ១០ នាទីយប់ថ្ងៃទី ៦ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥៩៨ ចំណុចមុខនឹងការ៉ាស់សាំងតេលា ក្នុងសង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត Lexus rx300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AN-9896 ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕




