សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់អ្នកកាសែតដែលបំពេញភារកិច្ចនៅកម្ពុជា ឲ្យខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងការប្រកួតប្រជែងទីផ្សារ រួមទាំងការរួមចំណែកទប់ស្កាត់ បន្សាបរាល់ព័ត៌មានក្លែងក្លាយ…
វេទិកានិពន្ធនាយកលើកទី១៦ កំពុងរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី៦ ខែធ្នូ នេះ ក្រោមអធិបតីភាពលោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានមេដឹកនាំអង្គភាពសារព័ត៌មានជាច្រើននាក់ចូលរួម។ ក្នុងសារលិខិត៣ទំព័រ សម្តេច ហ៊ុន សែន បានលើកឡើងថា វេទិកាក្រោមប្រធានបទ «សារព័ត៌មានកម្ពុជាក្នុងយុគសម័យ៤.០» នេះ ពិតជាមានសារសំខាន់ស្របទៅនឹងនិន្នាការសកល ដែលកំពុងបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
សម្តេច ហ៊ុន សែន បានមើលឃើញផលវិជ្ជមានចំពោះការធ្វើជីឌីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយទៅក្នុងទីផ្សារ និងការបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្សឲ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ព្រមទាំងរិះរកវិធានការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។ «បេសកកម្មរបស់បងប្អូនសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ពិតជាមានសារសំខាន់ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់សម្តេច នាយករដ្ឋមន្ត្រី ជាមួយនឹងការកោតសរសើរអ្នកសារព័ត៌មានដែលបានរួមចំណែកទប់ស្កាត់ និងឆ្លើយតបទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយកន្លងមក។ សម្តេច ហ៊ុន សែន បានលើកឡើងថា៖ «រដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ដែលតម្រូវឲ្យអ្នកសារព័ត៌មានរបស់យើងស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត»៕



