ឃាត់ខ្លួនបានហើយ! ក្រុមអនាធិបតេយ្យ ដែលប្រើអំពើហិង្សាលើកម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់….
ព្រះសីហនុ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាៈ កាលពីល្ងាចថ្ងៃទី១៤ ខែមីថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុចភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីផ្ទុះអំពើហិង្សាមួយ រវាងក្រុមអនាធិតេយ្យជាមួយកងកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បណ្តាលអោយកកងកម្លាំងរងរបួស ផងដែរ។
ករណីផ្ទុះអំពើហិង្សានេះ កើតឡើងក្រោយពីរដ្ឋបាលស្រុកព្រៃនប់ បានទទួលដំណឹងពីប្រជាពលរដ្ឋ ថា មានការរំលោភបំពានដីប្រជាពលរដ្ឋ ពីសំណាក់ក្រុមអនាធិបតេយ្យ ដោយមានការវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើការសាងសង់របងថ្មីរបស់ខ្លួនដោយមិនខ្វល់ពីការធ្វើរបងនេះចំដីរបស់នរណាទាំងអស់ដែលសម្តែងចេញមកជា «ចរឹតឆក់ប្លន់» ព្រមទាំងបានបង្កអោយទៅជាភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ។
ដូច្នេះ ទើបរដ្ឋបាលស្រុកព្រៃនប់ បានដាក់បញ្ជាអោយខាងកងកម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់ ចុះទៅអន្តរាគមន៍ តែការចុះអន្តរាគមន៍របស់កងកម្លាំង ត្រូវបានក្រុមអនាធិបតេយ្យ កាក់ឡានរបស់កងកម្លាំង ហើយបានប្រើអំពើហិង្សាមកលើកងកម្លាំងដោយមានប្រើកាំបិត ដំបង ជំពាមកៅស៊ូ យ៉ាងឃោរឃៅ ។
ការចុះអន្តរាគមន៍នេះ គឺ មានការចង្អុលបង្ហាញពីលោក គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអភិបាលស្រុកព្រៃនប់ ផងដែរ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា សមត្ថកិច្ចម្នាក់ ឈ្មោះ ឃឿន សុក្រិត អាយុ២៥ឆ្នាំ រងរបួសដៃដោយការកាប់នឹងផ្គាក់ ។ ក្នុងករណីផ្ទុះអំពើហិង្សា នេះ នគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនដៃដល់ម្នាក់ ឈ្មោះ ស៊ុ អៀប ហៅ ភាពសាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកប្រើផ្គាក់កាប់មកលើ សមត្ថកិច្ច អោយរងរបួសដៃធ្ងន់ធ្ងរ ។
បើតាមរបាយការណ៍របស់នគរបាលស្រុកព្រៃនប់ បានអោយដឹងថា ជនសង្ស័យឈ្មោះ ស៊ុអៀប មានស្រុកកំណើត ភូមិត្រពាំងរ័ត្ន ឃុំខ្នារ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាជាងសំណង់ ។
ក្រោយមកធ្វើសំណង់នៅចំណុចក្រោយវត្តអូរត្រេះ ប្រហែល១ខែជាង ដោយឈ្មោះ ភឿន បានហៅខ្លួនមកធ្វើសំណង់ មានគ្នា៤នាក់ ១,ឈ្មោះ ភឿន រី ភេទ ប្រុស ២,ឈ្មោះ ថា និត ភេទស្រី ៣,ឈ្មោះ សារឿន ភេទស្រី ៤,ឈ្មោះ សាយ ភេទ ប្រុស ធ្វើការអោយ ឈ្មោះ ថន មានងារជាឧកញ៉ា ជាអ្នកជួលអោយធ្វើរបងថ្ម ។
សមត្ថកិច្ច អះអាងទៀតថា ក្រុមអនាធិបតេយ្យទាំងអស់នេះ គឺ កន្លងមកតែតែងបង្កភាព អនាធិបតេយ្យយ៉ាងខ្លាំងក្លាបំផុត ដោយមានការដុតកង់ឡាន វៃកម្ទេចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ នេះផងដែរ ៕



