ចិនរិះគន់អាមេរិក ដែលកែប្រែពាក្យពេចន៍ពាក់ព័ន្ធតៃវ៉ាន់ នៅលើវែបសាយក្រសួងការបរទេសរបស់ខ្លួន

(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បានចេញមុខរិះគន់លើសហរដ្ឋអាមេរិក សម្រាប់ការកែប្រែពាក្យពេចន៍នៅលើវែបសាយរបស់ ក្រសួងការបរទេសអាមេរិក ដែលស្តីអំពីតៃវ៉ាន់ ដោយនិយាយថា ការបោកបញ្ឆោតផ្នែកនយោបាយ នឹងមិនអាចទទួលជោគជ័យក្នុងការផ្លាស់ប្តូរ ស្ថានភាពបច្ចុប្បន្ននៅតំបន់ច្រកសមុទ្រតៃវ៉ាន់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។
ចំណុចដែលនិយាយពីតៃវ៉ាន់ នៅលើវែបសាយរបស់ក្រសួងការបរទេសអាមេរិក បានលុបចោលនូវពាក្យពេចន៍ ក៏ដូចជាខ្លឹមសារទាំងស្តីអំពី ការមិនគាំទ្រចំពោះចលនាទាមទារឯករាជ្យនៅតៃវ៉ាន់ និងការទទួលស្គាល់គោលជំហររបស់ទីក្រុងប៉េកាំង ដែលថាតៃវ៉ាន់គ្រាន់តែជាផ្នែកនៃប្រទេសចិនប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា នៅលើលោកនេះ មានប្រទេសចិនតែមួយគត់ ហើយតៃវ៉ាន់គឺជាកម្មសិទ្ធិរបស់ចិន ខណៈសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសទាំងមូល។
បើតាមលោក Zhao ការកែប្រែពាក្យពេចន៍ដោយទីក្រុងវ៉ាស៉ីនតោន ស្តីពីទំនាក់ទំនងតៃវ៉ាន់-អាមេរិក គឺជាទង្វើឥតប្រយោជន៍ ដែលសំដៅចង់ធ្វើឱ្យប៉ះពាល់ដល់ «គោលការណ៍ចិនតែមួយ»។ លោក Zhao បានបន្តថា ការបោកបញ្ឆោតនយោបាយបែបនេះ ស្តីពីបញ្ហាកោះតៃវ៉ាន់ គឺជាការព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែនៅទីបំផុតវានឹងមិនផ្តល់ផលអ្វី ក្រៅពីបង្កាត់ភ្លើងដែលឆាបឆេះសហរដ្ឋអាមេរិកវិញនោះឡើយ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរពាក្យពេចន៍ខាងលើ នៅលើវែបសាយក្រសួងការបរទេសអាមេរិក ហាក់បានកើតឡើងកាលពីថ្ងៃទី៥ ខែឧសភា ប៉ុន្តែទើបត្រូវបានកត់សម្គាល់ឃើញទូលំទូលាយ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិននិងតៃវ៉ាន់ នាថ្ងៃអង្គារនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram