អភិបាលរាជធានីភ្នំពេញ ស្នើឱ្យពលរដ្ឋកុំដាក់ទោសលើអ្នកជួយហើយជឿអ្នកដែលមិនបានជួយ…
ភ្នំពេញ៖ បងប្អូនកម្មករ-កម្មការិនី មានការងារធ្វើ មានប្រាក់ដុល្លារចាយវាយ មានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺដោយសារតែការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ សម្ដេចបានខិតខំខ្លាំងក្លាណាស់ ក្នុងការស្វែងរកអ្នកវិនិយោគទុនមកវិនិយោគនៅកម្ពុជាដើម្បីឱ្យបងប្អូនកម្មករកម្មការិនីរបស់យើងមានការងារធ្វើរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះ សូមបងប្អូនកុំដាក់ទោសចំពោះអ្នកដែលជួយយើងឱ្យសោះ។ នេះជាប្រសាសន៍របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានស្នើយ៉ាងដូច្នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ខណៈបន្តយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលបានកើតឡើងនៅទូទាំងពិភពលោកហើយកម្មករ-កម្មការិនីនៅឯបរទេស ក៏បានប្រឈមមុខនូវជំងឺកូវី-១៩នេះផងដែរ។ ដោយឡែកសម្រាប់កម្មករ-កម្មការិនីនៅកម្ពុជា ដែលមានបញ្ហាជំងឺកូវីដ-១៩ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ដោយបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ជួយសម្រួលដល់ជីវភាពរបស់កម្មករ-កម្មការនី ថែមទៀត ដែលនេះជាការយកចិត្តទុកដាក់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា៖ អំណោយរបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលត្រូវចែកជូនដល់ប្រជាពរដ្ឋទាំង ១៣៤៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអុីវ និងទឹកត្រី៕




