អ្នកចាត់ការ Spurs លោក Conte បដិសេធមានទំនាក់ទំនងជាមួយក្លិប PSG
(ឡុងដ៍)៖ អ្នកចាត់ការក្លិប Tottenham Hotspur លោក Antonio Conte បានបដិសេធលើរបាយការណ៍មួយដែលចេញផ្សាយថា លោកនឹងចាកចេញពីក្លិប ដែលលេងនៅលីគ Premier League ក្រោយពេលចប់រដូវកាលនេះ ដើម្បីចូលរួមជាមួយក្លិប Paris St. Germain ប្រសិនបើលោក Mauricio Pochettino ត្រូវបានដកចេញពីតំណែង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។
PSG បានឈ្នះពានរង្វាន់ Ligue 1 ប៉ុន្តែបានធ្លាក់ចេញពី French Cup ហើយត្រូវបានទម្លាក់ចេញដោយក្លិប Real Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពាន Champions League នាំឲ្យមានការលើកឡើងនូវសំណួរអំពីអនាគតរបស់លោក Pochettino។
លោក Conte សញ្ជាតិអ៉ីតាលី ដែលបានចូលរួមជាមួយក្លិប Spurs ក្នុងកិច្ចសន្យារយៈពេល ១៨ខែកាលពីខែវិច្ឆិកាឆ្នាំមុននោះ គឺបានស្ថិតនៅក្នុងចំណោមឈ្មោះមួយចំនួន ដែលត្រូវបានគេភ្ជាប់ទៅការងារនៅក្លិបកំពូលរបស់បារាំងនេះ។
សូមជម្រាបថា Spurs កំពុងឈរនៅលំដាប់ទី៥ ក្នុងតារាង Premier League ជាមួយនឹង ៥៨ពិន្ទុពី ៣៣ប្រកួត មាន ២ពិន្ទុតាមពីក្រោយក្រុមលំដាប់ទី៤ Arsenal៕



