ផ្លូវការ! Rangnick នឹងចូលកាន់តួនាទីគ្រូក្រុមជម្រើសជាតិអូទ្រីស ក្រោយចប់កិច្ចការងារនៅ Man United
(មេនឆេស្ទើ)៖ គ្រូបណ្តោះអាសន្នក្រុម Manchester United លោក Ralf Rangnick នឹងចូលកាន់តួនាទីអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអូទ្រីស ជាផ្លូវការ ក្រោយបញ្ចប់ការងារបច្ចុប្បន្ននាកីឡដ្ឋាន Old Trafford ជាមួយក្រុមបិសាចក្រហមក្នុងលីគអង់គ្លេស Premier League។
លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំនឹងចូលកាន់តំណែងជាអ្នកចាត់ក្រុមជម្រើសជាតិអូទ្រីសនៅចុងបញ្ចប់រដូវកាលនេះ ប៉ុន្តែមានកិច្ចសន្យា ២ឆ្នាំក្នុងការងារជាទីប្រឹក្សាយោបល់ជាមួយក្លិប Man United ដដែល» ដោយលោកនឹងត្រូវចុះចេញពីតំណែងគ្រូបណ្តោះអាសន្ន ដែលត្រូវជំនួសមកវិញដោយលោក Erik Ten Hag ជាគ្រូពេញសិទ្ធិរបស់ក្លិបចាប់ពីរដូវកាលក្រោយទៅ។

ប្រភពពីសហព័ន្ធបាល់ទាត់អូទ្រីស (OFB) បានបង្ហាញថា ចំពោះកិច្ចសន្យាដំបូងធ្វើឡើងរយៈពេល ២ឆ្នាំ ហើយបើពួកគេអាចមានលក្ខណ្ឌគ្រប់គ្រាន់សម្រាប់ការប្រជែងពាន UEFA EURO 2024 ដែលធ្វើនៅប្រទេសអាឡឺម៉ង់ នោះកិច្ចសន្យាអាចមានបន្តក្នុងរយៈពេលពីរឆ្នាំទៀត រហូតដល់ការប្រកួតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងថា បុរសវ័យ ៦៣ឆ្នាំសញ្ជាតិអាល្លឺម៉ង់ Ralf Rangnick បានចូលកាន់តួនាទីគ្រូបណ្តោះអាសន្នក្នុងក្លិប Man United ជំនួសលោក Ole Gunnar Solskjaer ដែលត្រូវបណ្តេញចេញ ខណៈក្លិបបិសាចក្រហមបានបង្ហាញសេចក្តីរីករាយក្នុងការសម្រេចចិត្តរបស់លោក ដែលចូលកាន់ការងារគ្រូបង្វឹកក្រុមអូទ្រីស ដែលមានការប្រកួត Nations League ជាមួយក្រុមក្រូអាត, ដាណឺម៉ាក និងបារាំង នៅខែមិថុនា ឆ្នាំ២០២២៕

