តារាល្បី Justin Bieber ចាប់ផ្តើមចេញសម្តែងព្រឹត្តិការណ៍ប្រគំតន្ត្រីតាមប្រទេសនានា ខណៈចុងឆ្នាំនេះលោកនឹងទៅប្រទេសម៉ាឡេស៉ី និងឥណ្ឌូនេស៉ី

(បរទេស)៖ តារាចម្រៀងប្រុសដ៏ល្បីជនជាតិកាណាដា Justin Bieber ទើបតែប្រកាសជាផ្លូវការ នូវថ្ងៃកំណត់សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍របស់ខ្លួន នៅចុងឆ្នាំ២០២២នេះ ក្នុងប្រទេសចំនួនពីរនៅតំបន់អាស៊ីអាគ្នេយ៍ គឺម៉ាឡេស៉ី និងឥណ្ឌូនេស៉ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។


តារាប្រុសរូបនេះ បានឲ្យដឹងថា លោកនឹងសម្តែងនៅទីក្រុង កូឡាឡាំពួរ នៃប្រទេសម៉ាឡេស៉ី នៅថ្ងៃទី២២ ខែតុលា និងនៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៉ី នៅថ្ងៃទី០៣ ខែវិច្ឆិកា។ បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីនៅប្រទេសទាំងពីររួចរាល់ Justin Bieber នឹងទៅសម្តែងនៅប្រទេសជប៉ុនបន្តទៀត ពោលគឺនៅ Nagoya ថ្ងៃទី០៩ វិច្ឆិកា, Osaka ថ្ងៃទី១២វិច្ឆិកា និងនៅ Tokyo ថ្ងៃទី១៦ វិច្ឆិកា។
ងាកមកការសម្តែងនៅ កូឡាឡាំពួរ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Bukit Jalil ខណៈការប្រគំតន្ត្រីនៅទីក្រុងហ្សាកាតា នឹងធ្វើឡើងនៅកីឡដ្ឋាន Stadion Madya Gelora Bung Karno។ សំបុត្រសម្រាប់កម្មវិធី នៅកូឡាឡាំពួរ របស់លោកនឹងដាក់លក់ជាទូទៅនៅថ្ងៃទី៣១ ខែមីនា ម៉ោង ១១ ព្រឹក នៅគេហទំព័រ www.golive-asia.com ជាមួយនឹងតម្លៃចាប់ពី ៦៨ដុល្លារឡើងទៅ។
គួរជម្រាបថា ការចាប់ផ្តើមចេញប្រគំតន្ត្រីទេសចរណ៍នៅតាមបណ្តាប្រទេសនានា ពីសំណាក់តារាចម្រៀងល្បី
Justin Bieber នៅពេលនេះ គឺបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ហាក់ធូរស្បើយ។ តារារូបនេះ បាននិយាយថា ខ្លួននិងក្រុមការងារ បានខិតខំបង្កើតកម្មវិធីដ៏ល្អបំផុតដែលធ្លាប់ធ្វើ ហើយលោកមិនអាចរង់ចាំយូរជាងនេះ ក្នុងការចែករំលែកជាមួយអ្នកគាំទ្រជុំវិញពិភពលោកបានទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram